ដានីយ៉ែល 5:1-4 KHOV

1 ស្តេច​បេល‌សាសារ ទ្រង់​ជប់‌លៀង​យ៉ាង​ធំ ដល់​ពួក​សេនាបតី​របស់​ទ្រង់​១​ពាន់​នាក់ ហើយ​ក៏​សោយ​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ចំពោះ​អ្នក​ទាំង​១​ពាន់​នាក់​នោះ

2 កាល​បេល‌សាសារ​កំពុង​តែ​ភ្លក់​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ទ្រង់​ក៏​បង្គាប់​ឲ្យ​គេ​យក​ពែង​មាស ពែង​ប្រាក់ ដែល​នេប៊ូ‌ក្នេសា ជា​បិតា​ទ្រង់ បាន​ប្រមូល​យក​ពី​ព្រះ‌វិហារ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មក សំរាប់​ឲ្យ​ស្តេច និង​ពួក​សេនាបតី​របស់​ទ្រង់​ព្រម​ទាំង​ពួក​ភរិយា ហើយ​ពួក​ស្រី​អ្នក‌ម្នាង​របស់​គេ​ទាំង​អស់​គ្នា​បាន​ផឹក

3 ដូច្នេះ គេ​ក៏​យក​ពែង​មាស ដែល​បាន​ប្រមូល​យក​ពី​ទី​បរិសុទ្ធ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មក​ថ្វាយ រួច​ស្តេច និង​ពួក​សេនាបតី​របស់​ទ្រង់ ព្រម​ទាំង​ពួក​ភរិយា និង​ពួក​ស្រី​អ្នក‌ម្នាង​ទាំង​ប៉ុន្មាន​ក៏​ផឹក​ពី​ពែង​ទាំង​នោះ

4 គេ​បាន​ផឹក​ស្រា​បណ្តើរ ហើយ​សរសើរ​ដល់​អស់​ទាំង​ព្រះ​បណ្តើរ ជា​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។