ដានីយ៉ែល 5:16-22 KHOV

16 ប៉ុន្តែ​ចំណែក​លោក យើង​បាន​ឮ​ថា លោក​ប៉ិន‌ប្រសប់​នឹង​ប្រែ​សេចក្ដី ហើយ​កែ​ន័យ​ដ៏​ជ្រាល‌ជ្រៅ​បាន ឥឡូវ​នេះ បើ​លោក​អាច​នឹង​មើល​អក្សរ​នេះ ហើយ​ប្រែ​ន័យ​សេចក្ដី​ឲ្យ​យើង​ស្តាប់​បាន នោះ​លោក​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក​ផង ក៏​នឹង​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ។

17 នោះ​ដានី‌យ៉ែល លោក​ទូល​តប​នឹង​ស្តេច​ថា ឯ​អំណោយ​ទាន​របស់​ព្រះ‌ករុណា សូម​ទុក​សំរាប់​ព្រះ‌អង្គ​ទ្រង់ ហើយ​សូម​ប្រទាន​រង្វាន់​ដល់​អ្នក​ដទៃ​ទៀត​ចុះ ប៉ុន្តែ​ចំណែក​ទូល‌បង្គំៗ​នឹង​អាន​មើល​អក្សរ​នេះ ថ្វាយ​ទ្រង់​ព្រះ‌ករុណា ហើយ​នឹង​បក​ប្រែ​ថ្វាយ​ទ្រង់​ជ្រាប​ផង

18 បពិត្រ​ព្រះ‌រាជា​ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បាន​ប្រទាន​រាជ្យ អំណាច សិរី‌ល្អ និង​ឥទ្ធា‌នុភាព​ដល់​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​ទ្រង់

19 បណ្តា‌ជន​ទាំង‌ឡាយ និង​គ្រប់​សាសន៍ គ្រប់​ភាសា​ក៏​ញាប់‌ញ័រ ហើយ​កោត‌ខ្លាច​ចំពោះ​ទ្រង់ ដោយ​ព្រោះ​អំណាច ដែល​ព្រះ​បាន​ប្រទាន​នោះ អ្នក​ណា​ដែល​ទ្រង់​ចង់​សំឡាប់ នោះ​ក៏​សំឡាប់​ទៅ ហើយ​អ្នក​ណា​ដែល​ចង់​ទុក​ឲ្យ​រស់​នៅ នោះ​ក៏​ទុក​តាម​ព្រះ‌ទ័យ ឯ​អ្នក​ណា​ដែល​ទ្រង់​ចង់​តាំង​ឡើង នោះ​ក៏​តាំង ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទំលាក់​ចុះ នោះ​ក៏​ទំលាក់​ទៅ

20 តែ​កាល​ព្រះ‌ទ័យ​ទ្រង់​បាន​ប៉ោង​ឡើង ត្រឡប់​ជា​រឹង​ត្អឹង​ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រព្រឹត្ត ដោយ​សេចក្ដី​អំនួត នោះ​ទ្រង់​ត្រូវ​ទំលាក់​ចុះ​ពី​បល្ល័ង្ក​រាជ្យ​របស់​ទ្រង់ ហើយ​គេ​ក៏​ដក​កិត្តិយស​របស់​ទ្រង់​ចេញ

21 ទ្រង់​ត្រូវ​បណ្តេញ​ពី​ពួក​មនុស្ស​ទៅ ហើយ​ព្រះ‌ទ័យ​ទ្រង់​បាន​ត្រឡប់​ទៅ ដូច​ជា​ចិត្ត​របស់​សត្វ​វិញ ទ្រង់​មាន​ទី​លំនៅ​ជា​មួយ​នឹង​លា​ព្រៃ ក៏​សោយ​ស្មៅ​ដូច​ជា​គោ ហើយ​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ថា ទ្រង់​តាំង​អ្នក​ណា​ឡើង​ឲ្យ​គ្រប់‌គ្រង នោះ​ក៏​តាម​ព្រះ‌ហឫ‌ទ័យ

22 តែ​ទ្រង់ ដែល​ជា​ព្រះ‌រាជ​បុត្រ ឱ​បេល‌សាសារ​អើយ ទោះ​បើ​ទ្រង់​បាន​ជ្រាប​រឿង​ទាំង​នោះ​ហើយ​ក៏​ដោយ គង់​តែ​ទ្រង់​មិន​បាន​បន្ទាប​ព្រះ‌ទ័យ​ដែរ