ដានីយ៉ែល 5:17-23 KHOV

17 នោះ​ដានី‌យ៉ែល លោក​ទូល​តប​នឹង​ស្តេច​ថា ឯ​អំណោយ​ទាន​របស់​ព្រះ‌ករុណា សូម​ទុក​សំរាប់​ព្រះ‌អង្គ​ទ្រង់ ហើយ​សូម​ប្រទាន​រង្វាន់​ដល់​អ្នក​ដទៃ​ទៀត​ចុះ ប៉ុន្តែ​ចំណែក​ទូល‌បង្គំៗ​នឹង​អាន​មើល​អក្សរ​នេះ ថ្វាយ​ទ្រង់​ព្រះ‌ករុណា ហើយ​នឹង​បក​ប្រែ​ថ្វាយ​ទ្រង់​ជ្រាប​ផង

18 បពិត្រ​ព្រះ‌រាជា​ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បាន​ប្រទាន​រាជ្យ អំណាច សិរី‌ល្អ និង​ឥទ្ធា‌នុភាព​ដល់​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​ទ្រង់

19 បណ្តា‌ជន​ទាំង‌ឡាយ និង​គ្រប់​សាសន៍ គ្រប់​ភាសា​ក៏​ញាប់‌ញ័រ ហើយ​កោត‌ខ្លាច​ចំពោះ​ទ្រង់ ដោយ​ព្រោះ​អំណាច ដែល​ព្រះ​បាន​ប្រទាន​នោះ អ្នក​ណា​ដែល​ទ្រង់​ចង់​សំឡាប់ នោះ​ក៏​សំឡាប់​ទៅ ហើយ​អ្នក​ណា​ដែល​ចង់​ទុក​ឲ្យ​រស់​នៅ នោះ​ក៏​ទុក​តាម​ព្រះ‌ទ័យ ឯ​អ្នក​ណា​ដែល​ទ្រង់​ចង់​តាំង​ឡើង នោះ​ក៏​តាំង ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទំលាក់​ចុះ នោះ​ក៏​ទំលាក់​ទៅ

20 តែ​កាល​ព្រះ‌ទ័យ​ទ្រង់​បាន​ប៉ោង​ឡើង ត្រឡប់​ជា​រឹង​ត្អឹង​ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រព្រឹត្ត ដោយ​សេចក្ដី​អំនួត នោះ​ទ្រង់​ត្រូវ​ទំលាក់​ចុះ​ពី​បល្ល័ង្ក​រាជ្យ​របស់​ទ្រង់ ហើយ​គេ​ក៏​ដក​កិត្តិយស​របស់​ទ្រង់​ចេញ

21 ទ្រង់​ត្រូវ​បណ្តេញ​ពី​ពួក​មនុស្ស​ទៅ ហើយ​ព្រះ‌ទ័យ​ទ្រង់​បាន​ត្រឡប់​ទៅ ដូច​ជា​ចិត្ត​របស់​សត្វ​វិញ ទ្រង់​មាន​ទី​លំនៅ​ជា​មួយ​នឹង​លា​ព្រៃ ក៏​សោយ​ស្មៅ​ដូច​ជា​គោ ហើយ​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ថា ទ្រង់​តាំង​អ្នក​ណា​ឡើង​ឲ្យ​គ្រប់‌គ្រង នោះ​ក៏​តាម​ព្រះ‌ហឫ‌ទ័យ

22 តែ​ទ្រង់ ដែល​ជា​ព្រះ‌រាជ​បុត្រ ឱ​បេល‌សាសារ​អើយ ទោះ​បើ​ទ្រង់​បាន​ជ្រាប​រឿង​ទាំង​នោះ​ហើយ​ក៏​ដោយ គង់​តែ​ទ្រង់​មិន​បាន​បន្ទាប​ព្រះ‌ទ័យ​ដែរ

23 គឺ​ទ្រង់​បាន​លើក​អង្គ​ទ្រង់​ឡើង ទាស់​នឹង​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌​វិញ ហើយ​គេ​បាន​នាំ​យក​ពែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ​មក​ចំពោះ​ទ្រង់ ឯ​ទ្រង់ និង​អស់​ពួក​សេនាបតី​របស់​ទ្រង់ ព្រម​ទាំង​ភរិយា និង​ពួក​ស្រី​អ្នក‌ម្នាង​ទាំង​អស់​គ្នា បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ពែង​ទាំង​នោះ ក៏​បាន​សរសើរ​ដល់​អស់​ទាំង​ព្រះ ដែល​ធ្វើ​ពី​ប្រាក់ មាស លង្ហិន ដែក ឈើ និង​ថ្ម ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ក៏​មិន​ដឹង​អ្វី​សោះ តែ​ចំណែក​ព្រះ​ដែល​ក្តាប់​ដង្ហើម​ជីវិត​ព្រះ‌ករុណា​នៅ​ក្នុង​ព្រះ‌ហស្ត ហើយ​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌ករុណា​ជា​របស់​ផង​ព្រះ​នោះ​ដែរ នោះ​ព្រះ‌ករុណា​មិន​បាន​លើក​ដំកើង​ព្រះ‌អង្គ​នោះ​សោះ