ដានីយ៉ែល 5:8-14 KHOV

8 ខណៈ​នោះ អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​របស់​ស្តេច​ក៏​ចូល​មក តែ​គេ​មើល​អក្សរ​នោះ​មិន​បាន​ឡើយ ក៏​មិន​អាច​នឹង​ស្រាយ​ន័យ​ថ្វាយ​ស្តេច​បាន​ដែរ

9 ដូច្នេះ បេល‌សាសារ​ទ្រង់​មាន​ព្រះ‌ទ័យ​វិតក្ក​ជា​ខ្លាំង ហើយ​ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ស្លុត​ទៅ ឯ​ពួក​សេនាបតី​របស់​ទ្រង់​គេ​ក៏​ទាល់​គំនិត​ដែរ។

10 រីឯ​អគ្គ‌មហេសី ព្រះ‌នាង​ក៏​យាង​ចូល​ទៅ​ក្នុង​រោង​លៀង ដោយ​ឮ​ព្រះ‌បន្ទូល​នៃ​ស្តេច និង​ពួក​សេនាបតី​របស់​ទ្រង់ ព្រះ‌នាង​ទូល​ដល់​ស្តេច​ថា បពិត្រ​ព្រះ‌ករុណា​សូម​ទ្រង់​មាន​ព្រះ‌ជន្ម​ចំរើន​នៅ​ជា​យឺន‌យូរ សូម​កុំ​ឲ្យ​គំនិត​ទ្រង់​នាំ​ឲ្យ​មាន​ព្រះ‌ទ័យ​វិតក្ក​ឡើយ ក៏​កុំ​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ផ្លាស់​ប្រែ​ទៅ​ដូច្នេះ​ដែរ

11 ដ្បិត​នៅ​ក្នុង​នគរ​ទ្រង់ មាន​មនុស្ស​ម្នាក់​ឈ្មោះ​ដានី‌យ៉ែល ជា​អ្នក​ដែល​មាន​វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ ហើយ​នៅ​ក្នុង​រាជ្យ​នៃ​ព្រះ‌បិតា​ទ្រង់ នោះ​ឃើញ​មាន​ពន្លឺ និង​យោបល់ ព្រម​ទាំង​ប្រាជ្ញា ដូច​ជា​ប្រាជ្ញា​របស់​ពួក​ព្រះ​នៅ​ក្នុង​អ្នក​នោះ រីឯ​ស្តេច​នេប៊ូ‌ក្នេសា បិតា​ទ្រង់ ក៏​បាន​តាំង​អ្នក​នោះ​ឡើង ជា​អធិបតី​លើ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​ពួក​គ្រូ​ទាយ អើ គឺ​ជា​ស្តេច ជា​បិតា​ទ្រង់​នោះ​ឯង ដែល​តាំង​គេ

12 ពី​ព្រោះ​ឃើញ​ថា មាន​វិញ្ញាណ​យ៉ាង​វិសេស មាន​ដំរិះ និង​យោបល់ ក៏​មាន​ចំណេះ​ចេះ​កាត់​ស្រាយ​សប្តិ និង​ដោះ​ស្រាយ​ប្រស្នា ហើយ​កែ​សេចក្ដី​ដ៏​ជ្រាល‌ជ្រៅ នៅ​ក្នុង​ខ្លួន​អ្នក​នោះ ដែល​ស្តេច​ទ្រង់​ប្រទាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ ដូច្នេះ សូម​ឲ្យ​គេ​ហៅ​ដានី‌យ៉ែល​នោះ​មក​ឥឡូវ លោក​នឹង​បក​ប្រែ​សេចក្ដី​ថ្វាយ​ទ្រង់។

13 ដូច្នេះ គេ​ក៏​នាំ​ដានី‌យ៉ែល​ចូល​មក ចំពោះ​ស្តេច​ហើយ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ដានី‌យ៉ែល​ថា តើ​លោក​ជា​ឈ្មោះ​ដានី‌យ៉ែល​នោះ នៅ​ក្នុង​ពួក​ឈ្លើយ​សាសន៍​យូដា​ដែល​ស្តេច ជា​បិតា​យើង បាន​ដឹក‌នាំ​ចេញ​ពី​ស្រុក​យូដា​មក​ឬ​អី

14 យើង​បាន​ឮ​និយាយ​ពី​លោក​ថា មាន​វិញ្ញាណ​នៃ​ពួក​ព្រះ​សណ្ឋិត​លើ​លោក ហើយ​ថា​មាន​ពន្លឺ យោបល់ និង​ប្រាជ្ញា​ស្រួច‌ស្រាល់​នៅ​ក្នុង​ខ្លួន​លោក