9 ដូច្នេះ បេលសាសារទ្រង់មានព្រះទ័យវិតក្កជាខ្លាំង ហើយព្រះភក្ត្រទ្រង់ក៏ស្លុតទៅ ឯពួកសេនាបតីរបស់ទ្រង់គេក៏ទាល់គំនិតដែរ។
10 រីឯអគ្គមហេសី ព្រះនាងក៏យាងចូលទៅក្នុងរោងលៀង ដោយឮព្រះបន្ទូលនៃស្តេច និងពួកសេនាបតីរបស់ទ្រង់ ព្រះនាងទូលដល់ស្តេចថា បពិត្រព្រះករុណាសូមទ្រង់មានព្រះជន្មចំរើននៅជាយឺនយូរ សូមកុំឲ្យគំនិតទ្រង់នាំឲ្យមានព្រះទ័យវិតក្កឡើយ ក៏កុំឲ្យព្រះភក្ត្រទ្រង់ផ្លាស់ប្រែទៅដូច្នេះដែរ
11 ដ្បិតនៅក្នុងនគរទ្រង់ មានមនុស្សម្នាក់ឈ្មោះដានីយ៉ែល ជាអ្នកដែលមានវិញ្ញាណនៃព្រះដ៏បរិសុទ្ធសណ្ឋិតនៅ ហើយនៅក្នុងរាជ្យនៃព្រះបិតាទ្រង់ នោះឃើញមានពន្លឺ និងយោបល់ ព្រមទាំងប្រាជ្ញា ដូចជាប្រាជ្ញារបស់ពួកព្រះនៅក្នុងអ្នកនោះ រីឯស្តេចនេប៊ូក្នេសា បិតាទ្រង់ ក៏បានតាំងអ្នកនោះឡើង ជាអធិបតីលើពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងពួកគ្រូទាយ អើ គឺជាស្តេច ជាបិតាទ្រង់នោះឯង ដែលតាំងគេ
12 ពីព្រោះឃើញថា មានវិញ្ញាណយ៉ាងវិសេស មានដំរិះ និងយោបល់ ក៏មានចំណេះចេះកាត់ស្រាយសប្តិ និងដោះស្រាយប្រស្នា ហើយកែសេចក្ដីដ៏ជ្រាលជ្រៅ នៅក្នុងខ្លួនអ្នកនោះ ដែលស្តេចទ្រង់ប្រទានឈ្មោះថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមកឥឡូវ លោកនឹងបកប្រែសេចក្ដីថ្វាយទ្រង់។
13 ដូច្នេះ គេក៏នាំដានីយ៉ែលចូលមក ចំពោះស្តេចហើយស្តេចទ្រង់មានព្រះបន្ទូលទៅដានីយ៉ែលថា តើលោកជាឈ្មោះដានីយ៉ែលនោះ នៅក្នុងពួកឈ្លើយសាសន៍យូដាដែលស្តេច ជាបិតាយើង បានដឹកនាំចេញពីស្រុកយូដាមកឬអី
14 យើងបានឮនិយាយពីលោកថា មានវិញ្ញាណនៃពួកព្រះសណ្ឋិតលើលោក ហើយថាមានពន្លឺ យោបល់ និងប្រាជ្ញាស្រួចស្រាល់នៅក្នុងខ្លួនលោក
15 រីឯពួកអ្នកប្រាជ្ញ និងពួកគ្រូអង្គុយធម៌បានចូលមកចំពោះយើង ដើម្បីឲ្យបានអានមើលអក្សរនេះ ហើយនឹងប្រែន័យសេចក្ដីមកឲ្យស្តាប់បាន តែគេមិនអាចនឹងប្រែបានទេ