ដានីយ៉ែល 6:13-19 KHOV

13 នោះ​គេ​ក៏​ទូល​ដល់​ស្តេច​ថា ឈ្មោះ​ដានី‌យ៉ែល​នោះ ដែល​ជា​ពួក​ឈ្លើយ​សាសន៍​យូដា មិន​អើពើ​ចំពោះ​ទ្រង់​ទេ ឱ​ព្រះ‌ករុណា​អើយ ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ច្បាប់​បំរាម ដែល​ទ្រង់​បាន​ចុះ​ហត្ថ‌លេខា​ហើយ នោះ​ដែរ គឺ​ចេះ​តែ​អធិស្ឋាន​សូម​១​ថ្ងៃ​៣​ដង​វិញ

14 កាល​ស្តេច​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ក៏​ទោមនស្ស​ជា​ខ្លាំង ហើយ​តាំង​ព្រះ‌ទ័យ​នឹង​រក​ដោះ​ដានី‌យ៉ែល​ឲ្យ​រួច ទ្រង់​ខំ​រក​ផ្លូវ​ជួយ​ឲ្យ​លោក​រួច ដរាប​ដល់​ថ្ងៃ​លិច

15 ខណៈ​នោះ ពួក​អ្នក​ទាំង​នោះ​ក៏​មូល​គ្នា​មក​ឯ​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​នៃ​សាសន៍​មេឌី និង​សាសន៍​ពើស៊ី ច្បាប់​ណា​ឬ​បំរាម​ណា ដែល​ស្តេច​បាន​តាំង​ទុក​ហើយ នោះ​នឹង​ផ្លាស់​ប្តូរ​មិន​បាន​ឡើយ។

16 ដូច្នេះ ស្តេច​ទ្រង់​ក៏​ចេញ​បង្គាប់ ហើយ​គេ​នាំ​យក​ដានី‌យ៉ែល​ទៅ​បោះ​ចុះ​ក្នុង​រូង​សត្វ​សិង្ហ​ទៅ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ដានី‌យ៉ែល​ថា ព្រះ​នៃ​អ្នក​ដែល​អ្នក​គោរព​ជានិច្ច​ទ្រង់​នឹង​ជួយ​សង្គ្រោះ​អ្នក​ជា​ពិត

17 គេ​ក៏​យក​ថ្ម​១​មក​បិទ​សន្ធប់​មាត់​រូង ស្តេច​ទ្រង់​ក៏​ប្រថាប់​ត្រា​ព្រះ‌ទំរង់ ហើយ​នឹង​ចិញ្ចៀន​ត្រា​របស់​សេនាបតី​ទ្រង់​ផង ដើម្បី​មិន​ឲ្យ​មាន​អ្វី​ផ្លាស់​ប្តូរ​ពី​ដំណើរ​ដានី‌យ៉ែល​ឡើយ

18 រួច​ទ្រង់​វិល​ទៅ​ឯ​ព្រះ‌រាជ​វាំង​វិញ ក៏​អត់​ព្រះ‌ស្ងោយ​អស់​១​យប់​នោះ ពួក​មហោរី​មិន​បាន​ប្រគំ​ថ្វាយ​ទ្រង់​ទេ ឯ​ទ្រង់​ក៏​ផ្ទំ​មិន​លក់​ដែរ។

19 ស្តេច​ទ្រង់​តើន​ឡើង​ពី​ព្រលឹម​ស្រាង យាង​ទៅ​ឯ​រូង​សិង្ហ​ជា​ប្រញាប់