15 ខណៈនោះ ពួកអ្នកទាំងនោះក៏មូលគ្នាមកឯស្តេចទូលថា បពិត្រព្រះរាជា សូមទ្រង់ជ្រាបថា តាមច្បាប់នៃសាសន៍មេឌី និងសាសន៍ពើស៊ី ច្បាប់ណាឬបំរាមណា ដែលស្តេចបានតាំងទុកហើយ នោះនឹងផ្លាស់ប្តូរមិនបានឡើយ។
16 ដូច្នេះ ស្តេចទ្រង់ក៏ចេញបង្គាប់ ហើយគេនាំយកដានីយ៉ែលទៅបោះចុះក្នុងរូងសត្វសិង្ហទៅ ស្តេចទ្រង់មានព្រះបន្ទូលដល់ដានីយ៉ែលថា ព្រះនៃអ្នកដែលអ្នកគោរពជានិច្ចទ្រង់នឹងជួយសង្គ្រោះអ្នកជាពិត
17 គេក៏យកថ្ម១មកបិទសន្ធប់មាត់រូង ស្តេចទ្រង់ក៏ប្រថាប់ត្រាព្រះទំរង់ ហើយនឹងចិញ្ចៀនត្រារបស់សេនាបតីទ្រង់ផង ដើម្បីមិនឲ្យមានអ្វីផ្លាស់ប្តូរពីដំណើរដានីយ៉ែលឡើយ
18 រួចទ្រង់វិលទៅឯព្រះរាជវាំងវិញ ក៏អត់ព្រះស្ងោយអស់១យប់នោះ ពួកមហោរីមិនបានប្រគំថ្វាយទ្រង់ទេ ឯទ្រង់ក៏ផ្ទំមិនលក់ដែរ។
19 ស្តេចទ្រង់តើនឡើងពីព្រលឹមស្រាង យាងទៅឯរូងសិង្ហជាប្រញាប់
20 កាលជិតដល់រូងហើយ នោះទ្រង់ស្រែកហៅដានីយ៉ែល ដោយសំឡេងយ៉ាងកណ្តុក សួរថា ឱដានីយ៉ែល ជាអ្នកបំរើនៃព្រះដ៏មានព្រះជន្មរស់អើយ តើព្រះនៃអ្នក ដែលអ្នកគោរពជានិច្ចនោះ ទ្រង់អាចនឹងជួយឲ្យអ្នករួចពីសិង្ហបានឬទេ
21 នោះដានីយ៉ែល លោកទូលតបថា បពិត្រព្រះករុណា សូមទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរចុះ