18 រួចទ្រង់វិលទៅឯព្រះរាជវាំងវិញ ក៏អត់ព្រះស្ងោយអស់១យប់នោះ ពួកមហោរីមិនបានប្រគំថ្វាយទ្រង់ទេ ឯទ្រង់ក៏ផ្ទំមិនលក់ដែរ។
19 ស្តេចទ្រង់តើនឡើងពីព្រលឹមស្រាង យាងទៅឯរូងសិង្ហជាប្រញាប់
20 កាលជិតដល់រូងហើយ នោះទ្រង់ស្រែកហៅដានីយ៉ែល ដោយសំឡេងយ៉ាងកណ្តុក សួរថា ឱដានីយ៉ែល ជាអ្នកបំរើនៃព្រះដ៏មានព្រះជន្មរស់អើយ តើព្រះនៃអ្នក ដែលអ្នកគោរពជានិច្ចនោះ ទ្រង់អាចនឹងជួយឲ្យអ្នករួចពីសិង្ហបានឬទេ
21 នោះដានីយ៉ែល លោកទូលតបថា បពិត្រព្រះករុណា សូមទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរចុះ
22 ព្រះនៃទូលបង្គំទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកបិទមាត់សិង្ហទាំងអស់ វាមិនបានប្រទូស្តដល់ទូលបង្គំទេ ពីព្រោះនៅចំពោះព្រះ នោះមិនឃើញជាទូលបង្គំមានទោសអ្វីឡើយ ហើយបពិត្រព្រះករុណា នៅចំពោះទ្រង់ ទូលបង្គំក៏មិនបានធ្វើខុសអ្វីដែរ
23 ដូច្នេះ ស្តេចទ្រង់មានព្រះទ័យរីករាយក្រៃលែង ក៏ចេញបង្គាប់ឲ្យយោងយកដានីយ៉ែលចេញពីរូងមក គេក៏យោងយកដានីយ៉ែលចេញមក ហើយឥតឃើញមានរបួសណានៅខ្លួនលោកឡើយ ពីព្រោះលោកបានទុកចិត្តនឹងព្រះនៃលោក។
24 រួចស្តេចទ្រង់ចេញបង្គាប់ ហើយគេក៏នាំពួកអ្នកដែលប្តឹងចោទដានីយ៉ែល មកបោះគេទៅក្នុងរូងសិង្ហវិញ គឺទាំងខ្លួនគេ និងប្រពន្ធកូនគេផង ហើយសិង្ហទាំងឡាយក៏មានអំណាចលើគេ បានទាំងបំបាក់ឆ្អឹងគេឲ្យខ្ទេចខ្ទីទៅមុនដែលគេធ្លាក់ទៅដល់បាតរូងផង។