ដានីយ៉ែល 6:4-10 KHOV

4 ដូច្នេះ ពួក​អធិបតី និង​ពួក​ចៅ‌ហ្វាយ​ក៏​ស្វែង​រក​ហេតុ​ពី​ដំណើរ​រាជ‌ការ​ផែនដី ឲ្យ​ទាស់​នឹង​ដានី‌យ៉ែល តែ​គេ​រក​ឱកាស ឬ​កំហុស​អ្វី​មិន​បាន​ឡើយ ក៏​មិន​ឃើញ​មាន​ថ្លស់‌ធ្លោយ ឬ​ទោស​ទាស់​អ្វី​ដែរ ពី​ព្រោះ​លោក​ជា​មនុស្ស​ស្មោះ‌ត្រង់

5 ដូច្នេះ ពួក​អ្នក​ទាំង​នោះ​ប្រឹក្សា​គ្នា​ថា យើង​នឹង​រក​ឱកាស​ទាស់​នឹង​ឈ្មោះ​ដានី‌យ៉ែល​នេះ​មិន​បាន​ឡើយ វៀរ​តែ​រក​បាន​ខាង​ឯ​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​វា​ប៉ុណ្ណោះ

6 ពួក​អធិបតី និង​ពួក​ចៅ‌ហ្វាយ​ទាំង​នោះ ក៏​នាំ​គ្នា​ចូល​ទៅ​គាល់​ស្តេច ទូល​ដូច្នេះ​ថា បពិត្រ​ព្រះ‌រាជា​ដារី‌យុស សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ជន្ម​ចំរើន​ជា​យឺន‌យូរ​ត​ទៅ

7 ពួក​អធិបតី​ក្នុង​នគរ ពួក​ចៅ‌ហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​បាឡាត់ និង​ពួក​ចៅ‌ហ្វាយ​ស្រុក បាន​ជំនុំ​ព្រម​គ្នា ចង់​តាំង​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ គឺ​ជា​សេចក្ដី​បំរាម​យ៉ាង​តឹង‌រ៉ឹង​ថា បើ​អ្នក​ណា​នឹង​សូម​អ្វី​ពី​ព្រះ​ណា ឬ​ពី​មនុស្ស​ណា​ក៏​ដោយ វៀរ​តែ​សូម​ពី​ព្រះ‌រាជា​ក្នុង​រវាង​៣០​ថ្ងៃ នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ

8 បពិត្រ​ព្រះ‌រាជា ដូច្នេះ សូម​ទ្រង់​តាំង​ច្បាប់ ហើយ​ចុះ​ហត្ថ‌លេខា​នៅ​ច្បាប់​នោះ ប្រយោជន៍​មិន​ឲ្យ​ផ្លាស់​ប្រែ​បាន តាម​របៀប​ច្បាប់​នៃ​សាសន៍​មេឌី និង​សាសន៍​ពើស៊ី ដែល​នឹង​ផ្លាស់​ប្តូរ​មិន​បាន​ឡើយ

9 ដូច្នេះ ស្តេច​ដារី‌យុស​ទ្រង់​ក៏​ចុះ​ហត្ថ‌លេខា នៅ​សំបុត្រ​ជា​សេចក្ដី​បំរាម​នោះ។

10 កាល​ដានី‌យ៉ែល​បាន​ដឹង​ថា សំបុត្រ​នោះ​បាន​ចុះ​ហត្ថ‌លេខា​ហើយ នោះ​លោក​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក (រីឯ​បង្អួច​នៃ​បន្ទប់​របស់​លោក ខាង​ក្រុង​យេរូ‌សាឡិម ក៏​នៅ​ចំហ) លោក​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​លោក​១​ថ្ងៃ​៣​ដង ដូច​ជា​កាល​ពី​មុន