8 បពិត្រព្រះរាជា ដូច្នេះ សូមទ្រង់តាំងច្បាប់ ហើយចុះហត្ថលេខានៅច្បាប់នោះ ប្រយោជន៍មិនឲ្យផ្លាស់ប្រែបាន តាមរបៀបច្បាប់នៃសាសន៍មេឌី និងសាសន៍ពើស៊ី ដែលនឹងផ្លាស់ប្តូរមិនបានឡើយ
9 ដូច្នេះ ស្តេចដារីយុសទ្រង់ក៏ចុះហត្ថលេខា នៅសំបុត្រជាសេចក្ដីបំរាមនោះ។
10 កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន
11 ឯពួកអ្នកទាំងនោះ គេក៏មូលគ្នាមកឃើញដានីយ៉ែលកំពុងតែអធិស្ឋាន ទូលអង្វរនៅចំពោះព្រះនៃលោក
12 រួចគេក៏ចូលទៅជិត ទូលនឹងស្តេច ពីដំណើរពាក្យបំរាមរបស់ទ្រង់ថា ទ្រង់បានចុះហត្ថលេខា នៅច្បាប់បំរាមហើយ ថា បើអ្នកណានឹងសូមអ្វីពីព្រះណា ឬពីមនុស្សណាក៏ដោយ លើកតែសូមពីព្រះរាជា ក្នុងរវាង៣០ថ្ងៃ នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហមែនឬមិនមែន ស្តេចទ្រង់មានព្រះបន្ទូលសបថា សេចក្ដីនោះពិតមែនហើយ តាមរបៀបច្បាប់នៃសាសន៍មេឌី និងសាសន៍ពើស៊ី ដែលនឹងផ្លាស់ប្តូរមិនបានឡើយ
13 នោះគេក៏ទូលដល់ស្តេចថា ឈ្មោះដានីយ៉ែលនោះ ដែលជាពួកឈ្លើយសាសន៍យូដា មិនអើពើចំពោះទ្រង់ទេ ឱព្រះករុណាអើយ ក៏មិនយកចិត្តទុកដាក់នឹងច្បាប់បំរាម ដែលទ្រង់បានចុះហត្ថលេខាហើយ នោះដែរ គឺចេះតែអធិស្ឋានសូម១ថ្ងៃ៣ដងវិញ
14 កាលស្តេចបានឮពាក្យទាំងនោះ ទ្រង់ក៏ទោមនស្សជាខ្លាំង ហើយតាំងព្រះទ័យនឹងរកដោះដានីយ៉ែលឲ្យរួច ទ្រង់ខំរកផ្លូវជួយឲ្យលោករួច ដរាបដល់ថ្ងៃលិច