18 តែពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត គេនឹងទទួលរាជ្យហើយនឹងបានរាជ្យនោះជារបស់ផងខ្លួននៅជានិច្ច គឺអស់កល្បតទៅ
19 នោះខ្ញុំចង់ដឹងន័យពិត ពីសត្វទី៤ ដែលផ្សេងពីសត្វឯទៀតនោះ ជាសត្វដែលគួរស្ញែងខ្លាចជាខ្លាំងមានធ្មេញដែក និងក្រចកលង្ហិន ដែលត្របាក់លេប លំអិតកំទេច ហើយជាន់ឈ្លីសំណល់ដោយជើង
20 ក៏ចង់ដឹងពីដំណើរស្នែង១០ នៅលើក្បាលវា និងពីស្នែង១នោះដែលដុះឡើងជាខាងក្រោយ ហើយមានស្នែង៣មុនដួលនៅមុខវា គឺជាស្នែង១នោះដែលមានភ្នែក និងមាត់ពោលយ៉ាងធំ ហើយឫកពាក៏មាំជាងស្នែងឯទៀត
21 ខ្ញុំគន់មើលទៅ ឃើញស្នែងនោះឯង បានច្បាំងនឹងពួកបរិសុទ្ធហើយក៏ឈ្នះផង
22 ដរាបដល់ព្រះដ៏មានព្រះជន្មពីបុរាណបានយាងមក នោះការវិនិច្ឆ័យបានប្រគល់ដល់ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត ហើយកំណត់ក៏មកដល់ ដែលពួកបរិសុទ្ធត្រូវបានរាជ្យជារបស់ផងខ្លួន។
23 អ្នកនោះក៏ប្រាប់ថា សត្វទី៤នោះ គឺជានគរទី៤នៅលើផែនដី ដែលនឹងត្រូវជាផ្សេងពីអស់ទាំងនគរ ហើយនឹងត្របាក់លេបផែនដីទាំងមូល ក៏នឹងជាន់ពង្រាបដោយជើង ព្រមទាំងលំអិតកំទេចផង
24 ឯស្នែងទាំង១០នោះ គឺនឹងមានស្តេច១០អង្គកើតឡើងពីនគរនោះ ហើយក្រោយមក នឹងមាន១ទៀតកើតឡើង ដែលនឹងប្លែកពីស្តេចមុនៗ ក៏នឹងទំលាក់ស្តេច៣អង្គនោះចុះ