24 ឯស្នែងទាំង១០នោះ គឺនឹងមានស្តេច១០អង្គកើតឡើងពីនគរនោះ ហើយក្រោយមក នឹងមាន១ទៀតកើតឡើង ដែលនឹងប្លែកពីស្តេចមុនៗ ក៏នឹងទំលាក់ស្តេច៣អង្គនោះចុះ
25 ស្តេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយនឹងធ្វើទុក្ខបៀតបៀនដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុតដែរ ព្រមទាំងគិតបំផ្លាស់ពេលកំណត់ និងច្បាប់ផង ហើយគេនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចនោះ នៅ១ខួប២ខួប ហើយកន្លះខួប
26 ប៉ុន្តែការវិនិច្ឆ័យនឹងបានរៀបចំជាស្រេច ហើយគេនឹងដកអំណាចវាចេញ ឲ្យត្រូវបំផ្លាញ ហើយសាបសូន្យទៅដរាបដល់ចុងបំផុត
27 នោះរាជ្យ និងអំណាចគ្រប់គ្រង ព្រមទាំងភាពរុងរឿងឧត្តមនៃអស់ទាំងនគរនៅក្រោមមេឃទាំងមូល នឹងបានប្រគល់ ដល់បណ្តាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងត្រូវគោរពដល់ទ្រង់ ហើយស្តាប់បង្គាប់ផង
28 ដំណើរនោះបានចប់ត្រឹមប៉ុណ្ណេះ ចំណែកខ្ញុំ ដានីយ៉ែល គំនិតខ្ញុំបាននាំឲ្យខ្ញុំវិតក្កព្រួយជាខ្លាំង ភាពខ្ញុំក៏ផ្លាស់ប្រែទៅ តែខ្ញុំបានទុកដំណើរនោះនៅតែក្នុងចិត្តទេ។