12 ឯពួកពលបរិវារ ក៏ត្រូវប្រគល់ទៅព្រមគ្នានឹងការថ្វាយដង្វាយដុតជានិច្ច ដោយព្រោះអំពើរំលង វាបានបោះចោលសេចក្ដីពិតចុះដល់ដី ក៏ធ្វើតាមតែអំពើចិត្ត ហើយបានចំរើនផង
13 លំដាប់នោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធ១ទៀតសួរដល់អ្នកដែលនិយាយនោះថា តើដល់កាលណាទើបបានសំរេចការជាក់ស្តែង ពីការថ្វាយដង្វាយដុតជានិច្ច និងពីអំពើរំលងដែលធ្វើឲ្យខូចបង់នោះ ដើម្បីនឹងប្រគល់ទីបរិសុទ្ធ ហើយនឹងពួកពលបរិវារឲ្យត្រូវជាន់ឈ្លីទៅ
14 អ្នកនោះក៏ប្រាប់មកខ្ញុំថា គឺដរាបដល់បានកន្លង២៣០០ព្រឹក និងល្ងាចទៅ នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើងវិញ។
15 កាលខ្ញុំ គឺដានីយ៉ែលខ្ញុំនេះ បានឃើញការជាក់ស្តែងនោះហើយ ខ្ញុំក៏រកចង់យល់ន័យ នោះឃើញមានភាពដូចជាមនុស្សឈរនៅមុខខ្ញុំ
16 ហើយខ្ញុំឮសំឡេងមនុស្ស ពីកណ្តាលទន្លេអ៊ូឡាយ ហៅមកថា កាព្រីយ៉ែលអើយ ចូរឲ្យមនុស្សនេះយល់ការជាក់ស្តែងចុះ
17 ដូច្នេះលោកក៏ចូលមកជិតកន្លែងដែលខ្ញុំឈរនៅ កាលលោកមកដល់ហើយ នោះខ្ញុំភ័យញ័រ ក៏ទំលាក់ខ្លួនផ្កាប់មុខចុះ តែលោកនិយាយមកខ្ញុំថា កូនមនុស្សអើយ ចូរយល់ចុះដ្បិតការជាក់ស្តែងនេះសំរាប់គ្រាខាងចុងបំផុត
18 កាលលោកកំពុងនិយាយមកខ្ញុំ នោះខ្ញុំក៏លង់ស្មារតីទៅ មានមុខផ្កាប់ដល់ដី តែលោកពាល់ខ្ញុំធ្វើឲ្យខ្ញុំឈរឡើង