ដានីយ៉ែល 8:7-13 KHOV

7 ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម​ឈ្មោល មាន​សេចក្ដី​មួម៉ៅ​ដាល​ឡើង ក៏​ជល់​ចៀម​នោះ បំបាក់​ស្នែង​ទាំង​២​ទៅ ចៀម​នោះ​មិន​អាច​នឹង​ឈរ​នៅ​មុខ​វា​បាន​ទេ គឺ​ត្រូវ​ដួល​ចុះ​ដល់​ដី ហើយ​ពពែ​បាន​ជាន់​ឈ្លី​ទៅ ឥត​មាន​អ្នក​ណា​មួយ​អាច​នឹង​ជួយ​ចៀម​ឲ្យ​រួច​បាន​ឡើយ

8 ពពែ​ឈ្មោល​នោះ​ក៏​ដំកើង​ខ្លួន​យ៉ាង​ក្រៃលែង កាល​បាន​មាន​កំឡាំង​ហើយ នោះ​ស្នែង​ធំ​ត្រូវ​បាក់​ទៅ រួច​មាន​ស្នែង​៤​គួរ​ពិច‌ពិល​មើល បាន​ដុះ​ឡើង​ជំនួស​ស្នែង​ទាំង​នោះ​កន្ធែក​ទៅ​ទិស​ទាំង​៤។

9 រួច​មក​មាន​ស្នែង​១​តូច​ដុះ​ចេញ​ពី​ស្នែង​១​នោះ ក៏​ធំ​ឡើង​យ៉ាង​ក្រៃលែង មាន​អំណាច​ទៅ​ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ខាង​ស្រុក​ដ៏​ឧត្តម​ដែរ

10 វា​ក៏​លើក​ខ្លួន​ឡើង​រហូត​ដល់​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​ក៏​ទំលាក់​ពួក​នោះ​ខ្លះ និង​ផ្កាយ​ខ្លះ​ចុះ​មក​ដល់​ដី រួច​ជាន់​ឈ្លី​ដោយ​ជើង

11 អើ វា​ដំកើង​ខ្លួន​ឡើង រហូត​ដល់​អ្នក​ជា​កំពូល​បណ្តាច់​នៃ​ពួក​ពល​បរិវារ​ផង ក៏​លើក​ចោល​ការ​ថ្វាយ​ដង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​ជានិច្ច​ពី​ទ្រង់​ចេញ ព្រម​ទាំង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ទ្រង់​អាប់‌ឱន​ទៅ

12 ឯ​ពួក​ពល​បរិវារ ក៏​ត្រូវ​ប្រគល់​ទៅ​ព្រម​គ្នា​នឹង​ការ​ថ្វាយ​ដង្វាយ​ដុត​ជានិច្ច ដោយ​ព្រោះ​អំពើ​រំលង វា​បាន​បោះ​ចោល​សេចក្ដី​ពិត​ចុះ​ដល់​ដី ក៏​ធ្វើ​តាម​តែ​អំពើ​ចិត្ត ហើយ​បាន​ចំរើន​ផង

13 លំដាប់​នោះ ខ្ញុំ​ឮ​អ្នក​បរិសុទ្ធ​ម្នាក់​កំពុង​តែ​និយាយ ហើយ​មាន​អ្នក​បរិសុទ្ធ​១​ទៀត​សួរ​ដល់​អ្នក​ដែល​និយាយ​នោះ​ថា តើ​ដល់​កាល​ណា​ទើប​បាន​សំរេច​ការ​ជាក់​ស្តែង ពី​ការ​ថ្វាយ​ដង្វាយ​ដុត​ជានិច្ច និង​ពី​អំពើ​រំលង​ដែល​ធ្វើ​ឲ្យ​ខូច​បង់​នោះ ដើម្បី​នឹង​ប្រគល់​ទី​បរិសុទ្ធ ហើយ​នឹង​ពួក​ពល​បរិវារ​ឲ្យ​ត្រូវ​ជាន់​ឈ្លី​ទៅ