2 គឺក្នុងឆ្នាំដំបូងនៃរាជ្យទ្រង់ នោះខ្ញុំ ដានីយ៉ែលបានមើលគម្ពីរ ត្រង់កន្លែងដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាយេរេមា ពីចំនួនឆ្នាំដែលត្រូវកន្លងទៅ ដើម្បីនឹងសំរេចការខូចបង់នៃក្រុងយេរូសាឡិម គឺគ្រប់៧០ឆ្នាំ
3 នោះខ្ញុំបានតាំងចិត្តចំពោះព្រះដ៏ជាព្រះអម្ចាស់ ដើម្បីរកអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងតមអត់ស្លៀកសំពត់ធ្មៃ ហើយព្រលាំងផេះផង
4 ខ្ញុំបានអធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃខ្ញុំ ក៏លន់តួ ដោយពាក្យថា ឱព្រះអម្ចាស់ជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមបញ្ញត្តទ្រង់អើយ
5 យើងខ្ញុំរាល់គ្នាបានធ្វើបាប បានប្រព្រឹត្តក្រវិចក្រវៀន គឺបានប្រព្រឹត្តអាក្រក់ ហើយបះបោរ ព្រមទាំងងាកបែរចេញពីក្រឹត្យក្រម និងបញ្ញត្តច្បាប់របស់ទ្រង់ផង
6 ក៏មិនស្តាប់តាមពួកហោរា ជាអ្នកបំរើទ្រង់ ដែលបានទាយដល់ពួកស្តេច ពួកចៅហ្វាយ ពួកអយ្យកោរបស់យើងខ្ញុំ និងបណ្តាជនក្នុងស្រុកដោយនូវព្រះនាមទ្រង់ដែរ
7 ឱព្រះអម្ចាស់អើយ សេចក្ដីសុចរិតជារបស់ផងទ្រង់ហើយ តែខាងយើងខ្ញុំ មានតែសេចក្ដីជ្រប់មុខវិញ ដូចជាសព្វថ្ងៃនេះ គឺទាំងពួកមនុស្សនៅស្រុកយូដា ពួកអ្នកនៅក្រុងយេរូសាឡិម និងសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ដែលនៅជិតនៅឆ្ងាយ នៅក្នុងអស់ទាំងប្រទេសដែលទ្រង់បានបណ្តេញគេ ដោយព្រោះអំពើរំលង ដែលគេបានប្រព្រឹត្តទាស់នឹងទ្រង់ផង
8 ឱព្រះអម្ចាស់អើយ សេចក្ដីជ្រប់មុខជារបស់ផងយើងខ្ញុំហើយ គឺរបស់ពួកស្តេច ពួកចៅហ្វាយ និងពួកអយ្យកោនៃយើងខ្ញុំ ពីព្រោះយើងខ្ញុំបានធ្វើបាបនឹងទ្រង់