ដានីយ៉ែល 9:3-9 KHOV

3 នោះ​ខ្ញុំ​បាន​តាំង​ចិត្ត​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់ ដើម្បី​រក​អធិស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​តម​អត់​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ផេះ​ផង

4 ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ ក៏​លន់‌តួ ដោយ​ពាក្យ​ថា ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ទ្រង់ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​អើយ

5 យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាប បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន គឺ​បាន​ប្រព្រឹត្ត​អាក្រក់ ហើយ​បះ‌បោរ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ច្បាប់​របស់​ទ្រង់​ផង

6 ក៏​មិន​ស្តាប់​តាម​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់ ដែល​បាន​ទាយ​ដល់​ពួក​ស្តេច ពួក​ចៅ‌ហ្វាយ ពួក​អយ្យកោ​របស់​យើង​ខ្ញុំ និង​បណ្តា‌ជន​ក្នុង​ស្រុក​ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ដែរ

7 ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​សុចរិត​ជា​របស់​ផង​ទ្រង់​ហើយ តែ​ខាង​យើង​ខ្ញុំ មាន​តែ​សេចក្ដី​ជ្រប់​មុខ​វិញ ដូច​ជា​សព្វ​ថ្ងៃ​នេះ គឺ​ទាំង​ពួក​មនុស្ស​នៅ​ស្រុក​យូដា ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​នៅ​ជិត​នៅ​ឆ្ងាយ នៅ​ក្នុង​អស់​ទាំង​ប្រទេស​ដែល​ទ្រង់​បាន​បណ្តេញ​គេ ដោយ​ព្រោះ​អំពើ​រំលង ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ទ្រង់​ផង

8 ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​ជ្រប់​មុខ​ជា​របស់​ផង​យើង​ខ្ញុំ​ហើយ គឺ​របស់​ពួក​ស្តេច ពួក​ចៅ‌ហ្វាយ និង​ពួក​អយ្យកោ​នៃ​យើង​ខ្ញុំ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់

9 ឯ​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​អត់​ទោស នោះ​ជា​របស់​ផង​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​វិញ ទោះ​បើ​យើង​ខ្ញុំ​បាន​បះ‌បោរ​នឹង​ទ្រង់​ក៏​ដោយ