ដានីយ៉ែល 9:5-11 KHOV

5 យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាប បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន គឺ​បាន​ប្រព្រឹត្ត​អាក្រក់ ហើយ​បះ‌បោរ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ច្បាប់​របស់​ទ្រង់​ផង

6 ក៏​មិន​ស្តាប់​តាម​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់ ដែល​បាន​ទាយ​ដល់​ពួក​ស្តេច ពួក​ចៅ‌ហ្វាយ ពួក​អយ្យកោ​របស់​យើង​ខ្ញុំ និង​បណ្តា‌ជន​ក្នុង​ស្រុក​ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ដែរ

7 ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​សុចរិត​ជា​របស់​ផង​ទ្រង់​ហើយ តែ​ខាង​យើង​ខ្ញុំ មាន​តែ​សេចក្ដី​ជ្រប់​មុខ​វិញ ដូច​ជា​សព្វ​ថ្ងៃ​នេះ គឺ​ទាំង​ពួក​មនុស្ស​នៅ​ស្រុក​យូដា ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​នៅ​ជិត​នៅ​ឆ្ងាយ នៅ​ក្នុង​អស់​ទាំង​ប្រទេស​ដែល​ទ្រង់​បាន​បណ្តេញ​គេ ដោយ​ព្រោះ​អំពើ​រំលង ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ទ្រង់​ផង

8 ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​ជ្រប់​មុខ​ជា​របស់​ផង​យើង​ខ្ញុំ​ហើយ គឺ​របស់​ពួក​ស្តេច ពួក​ចៅ‌ហ្វាយ និង​ពួក​អយ្យកោ​នៃ​យើង​ខ្ញុំ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់

9 ឯ​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​អត់​ទោស នោះ​ជា​របស់​ផង​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​វិញ ទោះ​បើ​យើង​ខ្ញុំ​បាន​បះ‌បោរ​នឹង​ទ្រង់​ក៏​ដោយ

10 យើង​ខ្ញុំ​ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ទ្រង់ ដែល​ទ្រង់​បាន​តាំង​នៅ​មុខ​យើង​ខ្ញុំ ដោយ‌សារ​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់​ដែរ

11 អើ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​រំលង​ចំពោះ​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ហើយ ក៏​បែរ​ចេញ ដើម្បី​មិន​ឲ្យ​ត្រូវ​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ឡើយ ហេតុ​នោះ​សេចក្ដី​បណ្តាសា​នេះ​ត្រូវ​ចាក់​មក​លើ​យើង​ខ្ញុំ ព្រម​ទាំង​សេចក្ដី​សម្បថ​ដែល​បាន​កត់​ទុក នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​ចំពោះ​ទ្រង់