9 ឯសេចក្ដីមេត្តាករុណា និងសេចក្ដីអត់ទោស នោះជារបស់ផងព្រះដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំវិញ ទោះបើយើងខ្ញុំបានបះបោរនឹងទ្រង់ក៏ដោយ
10 យើងខ្ញុំក៏មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីនឹងដើរតាមក្រឹត្យវិន័យរបស់ទ្រង់ ដែលទ្រង់បានតាំងនៅមុខយើងខ្ញុំ ដោយសារពួកហោរា ជាអ្នកបំរើទ្រង់ដែរ
11 អើ ពួកអ៊ីស្រាអែលទាំងអស់គ្នាបានរំលងចំពោះក្រឹត្យវិន័យរបស់ទ្រង់ហើយ ក៏បែរចេញ ដើម្បីមិនឲ្យត្រូវស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះសេចក្ដីបណ្តាសានេះត្រូវចាក់មកលើយើងខ្ញុំ ព្រមទាំងសេចក្ដីសម្បថដែលបានកត់ទុក នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបំរើនៃព្រះដែរ ពីព្រោះយើងខ្ញុំបានធ្វើបាបចំពោះទ្រង់
12 ហើយទ្រង់បានសំរេចបញ្ជាក់ព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូលទាស់នឹងយើងខ្ញុំ ហើយទាស់នឹងពួកចៅក្រម ដែលជំនុំជំរះយើងខ្ញុំ ដោយបាននាំសេចក្ដីអាក្រក់យ៉ាងធំនេះមកលើយើងខ្ញុំ ដ្បិតនៅក្រោមមេឃទាំងមូល មិនដែលកើតមានការអ្វី ដូចជាបានកើតដល់ក្រុងយេរូសាឡិមនោះឡើយ។
13 សេចក្ដីអាក្រក់ទាំងប៉ុន្មាននេះ បានមកលើយើងខ្ញុំដូចជាបានចែងទុកមកនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ប៉ុន្តែយើងខ្ញុំមិនបានទូលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីនឹងបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ ឲ្យមានគំនិតវាងវៃ ក្នុងសេចក្ដីពិតរបស់ទ្រង់វិញនោះឡើយ
14 ហេតុនោះបានជាព្រះយេហូវ៉ាបានរវាំងមើលអំពើអាក្រក់នោះ ក៏បានទំលាក់មកលើយើងខ្ញុំវិញ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំទ្រង់សុចរិតក្នុងគ្រប់ទាំងការដែលទ្រង់ធ្វើ តែយើងខ្ញុំមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ
15 ឥឡូវនេះ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ដែលបាននាំរាស្ត្ររបស់ទ្រង់ចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តខ្លាំងពូកែ ហើយបានល្បីព្រះនាមខ្ចរខ្ចាយ ដូចជាសព្វថ្ងៃនេះអើយ យើងខ្ញុំបានធ្វើបាប ក៏បានប្រព្រឹត្តអំពើអាក្រក់ផង