31 ហើយបើសាសន៍ដទៃ ដែលនៅក្នុងស្រុក គេយកទំនិញ ឬស្រូវអង្ករអ្វីមកលក់ នៅថ្ងៃឈប់សំរាក នោះយើងមិនព្រមទិញពីគេនៅថ្ងៃនោះ ឬនៅថ្ងៃបរិសុទ្ធណាឡើយ ហើយថាយើងរាល់គ្នានឹងផ្អាកទុកឆ្នាំទី៧ ព្រមទាំងលើកលែងទារបំណុលទាំងអស់ផង។
32 មួយទៀត យើងរាល់គ្នាក៏តាំងច្បាប់ ឲ្យត្រូវបង់១ភាគក្នុង៣ ក្នុង១រៀលរាល់តែឆ្នាំ សំរាប់ការងារព្រះវិហាររបស់ព្រះនៃយើងរាល់គ្នា
33 ជាដំឡៃនៃនំបុ័ងតាំងទុកដង្វាយម្សៅដែលថ្វាយជានិច្ច និងដង្វាយដុតជានិច្ច ហើយនៅថ្ងៃឈប់សំរាក ថ្ងៃចូលខែ និងបុណ្យមានកំណត់ទាំងប៉ុន្មាន ព្រមទាំងរបស់បរិសុទ្ធ ដង្វាយលោះបាប ដែលថ្វាយឲ្យធួននឹងបាបពួកអ៊ីស្រាអែល និងគ្រប់ទាំងការងារក្នុងព្រះវិហារ របស់ព្រះនៃយើងរាល់គ្នាទាំងអស់ផង
34 យើងរាល់គ្នា ជាពួកសង្ឃ ពួកលេវី និងពួកបណ្តាជនក៏ចាប់ឆ្នោតពីដំណើរដង្វាយឧស ដើម្បីនឹងយកមកក្នុងព្រះវិហាររបស់ព្រះនៃយើង តាមវង្សរបស់ឪពុកយើង តាមពេលកំណត់រាល់តែឆ្នាំ សំរាប់នឹងដុតនៅលើអាសនានៃព្រះយេហូវ៉ា ជាព្រះរបស់យើង ដូចមានសេចក្តីកត់ទុកក្នុងក្រឹត្យវិន័យ
35 ហើយឲ្យយកផលដំបូង ពីស្រែចំការរបស់យើង និងផលដំបូងពីឈើគ្រប់មុខ មកឯព្រះវិហារនៃព្រះយេហូវ៉ារាល់ៗឆ្នាំ
36 ព្រមទាំងកូនច្បងរបស់ខ្លួនយើង និងរបស់សត្វយើងផង ដូចជាបានកត់ទុកក្នុងក្រឹត្យវិន័យហើយ និងកូនច្បងក្នុងហ្វូងគោ ហ្វូងចៀមរបស់យើង មកឯព្រះវិហាររបស់ព្រះនៃយើង ឲ្យដល់ពួកសង្ឃដែលធ្វើការងារក្នុងព្រះវិហាររបស់ព្រះនៃយើង
37 ហើយឲ្យយកផលនៃម្សៅលាយដំបូង ដង្វាយលើកចុះឡើង ផ្លែឈើគ្រប់មុខ ទឹកទំពាំងបាយជូរ និងប្រេង មកឲ្យពួកសង្ឃ នៅក្នុងបន្ទប់ព្រះវិហាររបស់ព្រះនៃយើង ព្រមទាំងដង្វាយ១ភាគក្នុង១០ពីផលដីយើង មកឲ្យពួកលេវីផង ដ្បិតនៅក្នុងទីក្រុងទាំងប៉ុន្មាន នោះគឺជាពួកលេវី ដែលទទួលយកដង្វាយ១ភាគក្នុង១០ពីផលនៃស្រែចំការយើង