25 ឯម៉ាថានា បាកប៊ូគា អូបាឌា មស៊ូឡាម ថាលម៉ូន និងអ័កគូប គេជាអ្នកឆ្មាំទ្វារ ដែលចាំយាមនៅឃ្លាំងត្រង់មាត់ទ្វារ
26 ពួកអ្នកទាំងនោះមាននៅក្នុងគ្រាយ៉ូយ៉ាគីម ជាកូនរបស់យេសួរ ដែលជាកូនយ៉ូសាដាក និងគ្រានេហេមា ជាចៅហ្វាយទីក្រុង ហើយនឹងគ្រាស្មៀនអែសរ៉ាដ៏ជាសង្ឃ។
27 នៅគ្រាដែលគេធ្វើពិធីឆ្លងកំផែងក្រុងយេរូសាឡិម នោះគេស្វែងរកពួកលេវី ពីគ្រប់កន្លែងរបស់គេ នាំមកឯក្រុងយេរូសាឡិម ដើម្បីនឹងធ្វើបុណ្យឆ្លងនោះដោយអំណរ ព្រមទាំងមានពាក្យអរព្រះគុណ និងការចំរៀងផ្សំ ដោយឈឹង ពិណ និងស៊ុងផង
28 ឯកូនចៅរបស់ពួកចំរៀងគេក៏មូលគ្នាពីស្រុកជុំវិញក្រុងយេរូសាឡិម ហើយពីអស់ទាំងភូមិនៃពួកនថូផា
29 ពីបេត-គីលកាល ពីស្រុកស្រែចំការកេបា និងអាសម៉ាវែតដែរ ពីព្រោះពួកចំរៀង គេបានធ្វើភូមិ នៅព័ទ្ធជុំវិញក្រុងយេរូសាឡិម
30 ពួកសង្ឃ និងពួកលេវីបានញែកខ្លួនជាបរិសុទ្ធ រួចក៏ញែកពួកបណ្តាជន ព្រមទាំងទ្វារទាំងប៉ុន្មាន និងកំផែងផង ចេញជាបរិសុទ្ធ។
31 គ្រានោះ ខ្ញុំបាននាំពួកអ្នកជាប្រធាន ក្នុងពួកយូដាឡើងទៅលើកំផែង ក៏ដំរូវឲ្យមាន២ពួកធំៗ ដែលពោលពាក្យអរព្រះគុណ ហើយដង្ហែគ្នា ពួក១ទៅខាងស្តាំ នៅលើកំផែង ដំរង់ទៅឯទ្វារចាក់សំរាម