44 នៅថ្ងៃនោះ គេក៏តាំងមនុស្សឲ្យត្រួតត្រាលើបន្ទប់ដែលសំរាប់របស់ថ្ងៃវិសេស ដង្វាយលើកចុះឡើង ផលដំបូង និងដង្វាយ១ភាគក្នុង១០ ដើម្បីនឹងប្រមូលចំណែក ដែលក្រឹត្យវិន័យបានដំរូវឲ្យទុកសំរាប់ពួកសង្ឃ និងពួកលេវីពីអស់ទាំងស្រែចំការ និងទីក្រុង មកទុកក្នុងបន្ទប់ទាំងនោះ ដ្បិតពួកយូដាគេមានសេចក្តីអំណរចំពោះពួកសង្ឃ និងពួកលេវី ដែលឈរនៅដំណែងគេ
45 ព្រមទាំងរក្សាបញ្ញើរបស់ព្រះនៃគេ និងការងារញែកជាបរិសុទ្ធ ពួកចំរៀង និងពួកឆ្មាំទ្វារក៏ធ្វើដូច្នោះដែរ តាមបង្គាប់ដាវីឌ និងសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់
46 ដ្បិតកាលពីដើមក្នុងគ្រាដាវីឌ និងអេសាភ នោះមានមេលើពួកចំរៀង ក៏មានទំនុកច្រៀងសរសើរដំកើង ហើយអរព្រះគុណដល់ព្រះ
47 ហើយនៅគ្រាសូរ៉ូបាបិល និងនេហេមា នោះពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ថ្វាយចំណែកសំរាប់ពួកចំរៀង និងពួកឆ្មាំទ្វារ តាមដែលត្រូវការរាល់ៗថ្ងៃ គេក៏លៃទុក១ចំណែកឲ្យពួកលេវី ហើយពួកលេវីក៏លៃទុក១ចំណែក ឲ្យពួកកូនចៅអើរ៉ុន។