នេហេមា 13:16-22 KHOV

16 ក៏​មាន​មនុស្ស​ពី​ក្រុង​ទីរ៉ុស នៅ​ក្នុង​ទី​ក្រុង​ដែរ គេ​តែង​យក​ត្រី និង​ទំនិញ​គ្រប់​មុខ មក​លក់​ឲ្យ​ពួក​កូន​ចៅ​យូដា នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ក្នុង​ថ្ងៃ​ឈប់​សំរាក

17 នោះ​ខ្ញុំ​តវ៉ា​ដល់​ពួក​អ្នក​ធំ​នៃ​សាសន៍​យូដា​ថា ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​បង្អាប់​ដល់​ថ្ងៃ​ឈប់​សំរាក

18 ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​នេះ​ធ្វើ​អី ឯ​ពួក​អយ្យកោ​របស់​អ្នក​រាល់​គ្នា តើ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​ឬ​អី ហេតុ​នោះ​បាន​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​នាំ​អស់​ទាំង​សេចក្តី​អាក្រក់​នេះ មក​លើ​យើង​នឹង​លើ​ទី​ក្រុង​នេះ​ផង ប៉ុន្តែ អ្នក​រាល់​គ្នា​នាំ​ឲ្យ​មាន​សេចក្តី​ក្រោធ មក​លើ​ពួក​អ៊ីស្រា‌អែល​ថែម​ទៀត ដោយ​បង្អាប់​ដល់​ថ្ងៃ​ឈប់​សំរាក​ដូច្នេះ។

19 ក្រោយ​នោះ​មក កាល​ណា​អស់​ទាំង​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡិម ចាប់​តាំង​ងងឹត ហៀប​នឹង​ចូល​ថ្ងៃ​ឈប់​សំរាក​ហើយ នោះ​ខ្ញុំ​ក៏​បង្គាប់​ឲ្យ​បិទ​ទ្វារ ហើយ​ហាម​មិន​ឲ្យ​បើក​ដរាប​ដល់​ផុត​ថ្ងៃ​ឈប់​សំរាក​នោះ ខ្ញុំ​ក៏​ដាក់​ពួក​អ្នក​បំរើ​របស់​ខ្ញុំ​ខ្លះ ឲ្យ​ត្រួត​លើ​ទ្វារ​ទាំង​ប៉ុន្មាន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​យក​បន្ទុក​អ្វី ចូល​មក​នៅ​ថ្ងៃ​ឈប់​សំរាក​ឡើយ

20 នោះ​ពួក​ឈ្មួញ និង​ពួក​អ្នក​ដែល​លក់​ដូរ​ផ្សេងៗ ក៏​ដេក​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម​ម្តង​ពីរ​ដែរ

21 រួច​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​គេ​ថា អ្នក​រាល់​គ្នា​ដេក​នៅ​ក្បែរ​កំផែង​នេះ​ធ្វើ​អី បើ​នៅ​តែ​ធ្វើ​ដូច្នេះ​ទៀត នោះ​ខ្ញុំ​នឹង​ចាប់​អ្នក​រាល់​គ្នា​ហើយ តាំង​ពី​នោះ​ត​ទៅ គេ​ក៏​លែង​មក​នៅ​ថ្ងៃ​ឈប់​សំរាក​ទៀត

22 ខ្ញុំ​ក៏​បង្គាប់​ដល់​ពួក​លេវី ឲ្យ​គេ​បាន​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ហើយ​ឲ្យ​គេ​មក​ចាំ​យាម នៅ​អស់​ទាំង​ទ្វារ​ក្រុង ដើម្បី​ញែក​ថ្ងៃ​ឈប់​សំរាក​ចេញ​ជា​បរិសុទ្ធ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ក្នុង​ការ​នេះ​ផង ហើយ​សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ ដោយ​សេចក្តី​សប្បុរស​ទ្រង់​ដ៏​ធំ។