នេហេមា 13:20-26 KHOV

20 នោះ​ពួក​ឈ្មួញ និង​ពួក​អ្នក​ដែល​លក់​ដូរ​ផ្សេងៗ ក៏​ដេក​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម​ម្តង​ពីរ​ដែរ

21 រួច​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​គេ​ថា អ្នក​រាល់​គ្នា​ដេក​នៅ​ក្បែរ​កំផែង​នេះ​ធ្វើ​អី បើ​នៅ​តែ​ធ្វើ​ដូច្នេះ​ទៀត នោះ​ខ្ញុំ​នឹង​ចាប់​អ្នក​រាល់​គ្នា​ហើយ តាំង​ពី​នោះ​ត​ទៅ គេ​ក៏​លែង​មក​នៅ​ថ្ងៃ​ឈប់​សំរាក​ទៀត

22 ខ្ញុំ​ក៏​បង្គាប់​ដល់​ពួក​លេវី ឲ្យ​គេ​បាន​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ហើយ​ឲ្យ​គេ​មក​ចាំ​យាម នៅ​អស់​ទាំង​ទ្វារ​ក្រុង ដើម្បី​ញែក​ថ្ងៃ​ឈប់​សំរាក​ចេញ​ជា​បរិសុទ្ធ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ក្នុង​ការ​នេះ​ផង ហើយ​សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ ដោយ​សេចក្តី​សប្បុរស​ទ្រង់​ដ៏​ធំ។

23 នៅ​គ្រា​នោះ ខ្ញុំ​ក៏​ឃើញ​ពួក​យូដា​ខ្លះ ដែល​បាន​យក​ប្រពន្ធ ជា​ស្រី​សាសន៍​អាសដូឌ អាំម៉ូន និង​ម៉ូអាប់

24 ហើយ​កូន​គេ​ពាក់​កណ្តាល​និយាយ​ជា​ភាសា​អាសដូឌ ឥត​ចេះ​និយាយ​ភាសា​របស់​ពួក​យូដា​ឡើយ គឺ​គេ​និយាយ​តាម​តែ​ភាសា​របស់​សាសន៍​គេ​រៀង​ខ្លួន

25 ខ្ញុំ​ក៏​តវ៉ា​នឹង​គេ ព្រម​ទាំង​ដាក់​បណ្តាសា ក៏​វាយ​គេ​ខ្លះ ហើយ​បោច​សក់​គេ​ផង ខ្ញុំ​ចាប់​ឲ្យ​គេ​ស្បថ​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ ហើយ​ហាម​គេ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ឲ្យ​កូន​ស្រី​ទៅ​កូន​ប្រុស​របស់​គេ ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ឬ​សំរាប់​ខ្លួន​នោះ​ឡើយ

26 តើ​សាឡូ‌ម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល មិន​បាន​ធ្វើ​បាប ដោយ​អំពើ​យ៉ាង​នោះ​ឯង​ទេ​ឬ​អី នៅ​ក្នុង​អស់​ទាំង​សាសន៍​ដទៃ គ្មាន​ស្តេច​ណា​១​ដូច​ទ្រង់​ឡើយ ហើយ​ព្រះ​នៃ​ទ្រង់​ក៏​បាន​ស្រឡាញ់​ទ្រង់ ព្រម​ទាំង​តាំង​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ផង ប៉ុន្តែ ស្ត្រី​សាសន៍​ដទៃ​បាន​នាំ​ឲ្យ​ទ្រង់​ធ្វើ​បាប​ដែរ