1 លុះដល់ខែចេត្រ ឆ្នាំទី២០ ក្នុងរាជ្យរបស់ស្តេចអើថាស៊ើកសេស ក្នុងពេលដែលមានស្រាទំពាំងបាយជូរដាក់នៅចំពោះស្តេច នោះខ្ញុំបានលើកថ្វាយដល់ទ្រង់ ឯពីមុន ខ្ញុំមិនដែលមានសេចក្តីព្រួយ នៅចំពោះទ្រង់ឡើយ
2 ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលសួរខ្ញុំថា អ្នកឥតមានឈឺសោះ ហេតុអ្វីបានជាមានទឹកមុខព្រួយដូច្នេះ នេះកើតតែពីសេចក្តីទុក្ខក្នុងចិត្តទេ នោះខ្ញុំក៏ភ័យខ្លាចណាស់
3 តែខ្ញុំទូលដល់ស្តេចថា សូមឲ្យព្រះករុណាប្រកបដោយសេចក្តីចំរើនចុះ ធ្វើដូចម្តេចមិនឲ្យទូលបង្គំមានទឹកមុខព្រួយបាន បើទីក្រុង ជាទីមានផ្នូរខ្មោចរបស់ពួកអយ្យកោរបស់ទូលបង្គំនៅតែគ្រាំគ្រា ហើយទ្វារក៏ឆេះអស់ហើយដូច្នេះ
4 ស្តេចទ្រង់មានព្រះបន្ទូលសួរខ្ញុំថា ដូច្នេះ តើអ្នកចង់បានអ្វី ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានសួគ៌
5 រួចខ្ញុំទូលដល់ស្តេចថា បើព្រះករុណាសព្វព្រះទ័យយ៉ាងនេះ ហើយបើទ្រង់អាណិតមេត្តាដល់ទូលបង្គំ នោះសូមទ្រង់ចាត់ទូលបង្គំ ឲ្យទៅឯស្រុកយូដា ដល់ទីក្រុង ជាទីមានផ្នូរខ្មោច របស់អយ្យកោទូលបង្គំ ឲ្យបានសង់ទីក្រុងនោះឡើងវិញចុះ
6 ឯស្តេចទ្រង់មានព្រះបន្ទូលមកខ្ញុំ កំពុងដែលអគ្គមហេសីគង់នៅក្បែរទ្រង់ថា តើអ្នកចង់ទៅជាយូរប៉ុន្មាន កាលណានឹងត្រឡប់មកវិញ ដូច្នេះ ស្តេចទ្រង់សព្វព្រះទ័យនឹងចាត់ឲ្យខ្ញុំទៅ ហើយខ្ញុំក៏កំណត់ពេលថ្វាយទ្រង់ជ្រាប
7 មួយទៀត ខ្ញុំបានទូលដល់ស្តេចថា បើព្រះករុណាសព្វព្រះទ័យ នោះសូមឲ្យទូលបង្គំបានព្រះរាជសាសន៍កាន់យកទៅ ជូនពួកចៅហ្វាយខេត្តនៅខាងនាយទន្លេ ឲ្យលោកបានបើកឲ្យទូលបង្គំឆ្លងទៅ រហូតដល់ស្រុកយូដា