13 ខ្ញុំបានចេញទៅទាំងយប់ តាមទ្វារច្រកភ្នំ ដំរង់ទៅឯអណ្តូងនាគ ដល់ទ្វារសំរាម ពិនិត្យមើលកំផែងក្រុងយេរូសាឡិម ដែលបាក់បែក និងទ្វារទាំងប៉ុន្មានដែលឆេះហើយ
14 រួចខ្ញុំក៏ហួសទៅដល់ទ្វារក្បាលទឹក និងស្រះហ្លួង តែគ្មានផ្លូវឲ្យសត្វដែលខ្ញុំជិះដើរទៅបានទេ
15 ដូច្នេះ ខ្ញុំក៏ឡើងទៅតាមជ្រោះទឹក បានពិនិត្យមើលកំផែងទាំងយប់ រួចវិលទៅចូលតាមទ្វារច្រកភ្នំយ៉ាងនោះបានដល់ផ្ទះវិញ
16 ឯពួកដំរួតទីក្រុង ឥតបានដឹងជាខ្ញុំទៅឯណា ឬបានធ្វើអ្វីទេ ខ្ញុំក៏មិនទាន់បានប្រាប់ដល់ពួកយូដា ពួកសង្ឃ ឬពួកអ្នកមានត្រកូលខ្ពស់ ពួកដំរួត ឬពួកអ្នកឯទៀត ដែលរកស៊ីធ្វើការ នៅឡើយដែរ។
17 រួចមក ខ្ញុំនិយាយនឹងគេថា អ្នករាល់គ្នាឃើញសណ្ឋានអាក្រក់របស់យើងរាល់គ្នានេះ ហើយថា ក្រុងយេរូសាឡិមនៅតែគ្រាំគ្រា ហើយទ្វារក្រុងទាំងប៉ុន្មានភ្លើងឆេះអស់ ដូច្នេះ ចូរមក យើងសង់កំផែងក្រុងយេរូសាឡិមឡើង ដើម្បីកុំឲ្យមានគេត្មះតិះដៀលដល់យើងទៀត
18 រួចខ្ញុំនិយាយប្រាប់គេ ពីព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំ ដែលសណ្ឋិតនៅលើខ្ញុំ និងពីព្រះបន្ទូលនៃស្តេច ដែលទ្រង់បានមានព្រះបន្ទូលមកខ្ញុំ ដូច្នេះ គេក៏និយាយឡើងថា ចូរយើងលើកគ្នាធ្វើឡើង យ៉ាងនោះគេបានចំរើនកំឡាំងគ្នា ដើម្បីនឹងធ្វើការល្អនោះ
19 តែកាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា សាសន៍អាំម៉ូន ជាជំនិតលោក ហើយកេសែម ជាសាសន៍អារ៉ាប់ បានឮ នោះគេក៏សើចចំអក ហើយមើលងាយដល់យើងថា តើឯងរាល់គ្នាធ្វើអ្វីនេះ តើគិតបះបោរនឹងស្តេចឬអី