4 ស្តេចទ្រង់មានព្រះបន្ទូលសួរខ្ញុំថា ដូច្នេះ តើអ្នកចង់បានអ្វី ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានសួគ៌
5 រួចខ្ញុំទូលដល់ស្តេចថា បើព្រះករុណាសព្វព្រះទ័យយ៉ាងនេះ ហើយបើទ្រង់អាណិតមេត្តាដល់ទូលបង្គំ នោះសូមទ្រង់ចាត់ទូលបង្គំ ឲ្យទៅឯស្រុកយូដា ដល់ទីក្រុង ជាទីមានផ្នូរខ្មោច របស់អយ្យកោទូលបង្គំ ឲ្យបានសង់ទីក្រុងនោះឡើងវិញចុះ
6 ឯស្តេចទ្រង់មានព្រះបន្ទូលមកខ្ញុំ កំពុងដែលអគ្គមហេសីគង់នៅក្បែរទ្រង់ថា តើអ្នកចង់ទៅជាយូរប៉ុន្មាន កាលណានឹងត្រឡប់មកវិញ ដូច្នេះ ស្តេចទ្រង់សព្វព្រះទ័យនឹងចាត់ឲ្យខ្ញុំទៅ ហើយខ្ញុំក៏កំណត់ពេលថ្វាយទ្រង់ជ្រាប
7 មួយទៀត ខ្ញុំបានទូលដល់ស្តេចថា បើព្រះករុណាសព្វព្រះទ័យ នោះសូមឲ្យទូលបង្គំបានព្រះរាជសាសន៍កាន់យកទៅ ជូនពួកចៅហ្វាយខេត្តនៅខាងនាយទន្លេ ឲ្យលោកបានបើកឲ្យទូលបង្គំឆ្លងទៅ រហូតដល់ស្រុកយូដា
8 និងព្រះរាជសាសន៍មួយច្បាប់ដល់អេសាភ ជាមេព្រៃហ្លួង ឲ្យលោកបានបើកឈើដល់ទូលបង្គំ សំរាប់ធ្វើធ្នឹមទ្វារបន្ទាយ ដែលនៅក្បែរព្រះវិហារ និងទ្វារកំផែងនៃទីក្រុង ហើយសំរាប់ផ្ទះ ដែលទូលបង្គំត្រូវអាស្រ័យនៅផង ស្តេចក៏អនុញ្ញាតឲ្យ តាមដែលព្រះហស្តល្អរបស់ព្រះនៃខ្ញុំបានសណ្ឋិតលើខ្ញុំ
9 រួចមកខ្ញុំបានទៅដល់ពួកចៅហ្វាយ នៅខាងនាយទន្លេ ជូនព្រះរាជសាសន៍នោះដល់គេ ឯស្តេចទ្រង់បានចាត់មេទ័ព និងទ័ពសេះ ឲ្យទៅជាមួយនឹងខ្ញុំដែរ
10 ដូច្នេះ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា សាសន៍អាំម៉ូន ជាអ្នកជំនិតលោកបានឮហើយ សេចក្តីនោះក៏នាំឲ្យទំនាស់ចិត្តគេជាខ្លាំង ដោយព្រោះមានមនុស្សមក បំរុងឲ្យពួកកូនចៅអ៊ីស្រាអែលបានសណ្ឋានល្អឡើង។