នេហេមា 4:1-6 KHOV

1 កាល​សាន‌បា‌ឡាត​បាន​ឮ​ថា យើង​កំពុង​តែ​សង់​កំផែង​ឡើង​ដូច្នោះ នោះ​លោក​មាន​ចិត្ត​ក្រោធ ហើយ​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​ជា​ខ្លាំង ព្រម​ទាំង​ចំអក​ឡក‌ឡឺយ​ដល់​ពួក​យូដា

2 ក៏​និយាយ​នៅ​មុខ​ពួក​បង​ប្អូន​ខ្លួន និង​ពួក​ពល​ទ័ព​ស្រុក​សាម៉ារី​ថា ពួក​យូដា​កំសោយ​នេះ​ធ្វើ​អ្វី​ដូច្នេះ គេ​គិត​ការ‌ពារ​ខ្លួន​ឬ តើ​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដែរ​ឬ តើ​គេ​នឹង​ធ្វើ​បង្ហើយ​ក្នុង​មួយ​ថ្ងៃ​បាន​ឬ តើ​គេ​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​ចេញ​ពី​គំនរ​សំរាម ដែល​ឆេះ​អស់​ហើយ បាន​កើត​ឡើង​ដែរ​ឬ

3 នោះ​ថូប៊ីយ៉ា ជា​សាសន៍​អាំម៉ូន ដែល​ឈរ​ជិត​លោក ក៏​និយាយ​ឡើង​ថា បើ​គ្រាន់​តែ​មាន​ចចក​មួយ​ឡើង​ទៅ​លើ​កំផែង​ថ្ម ដែល​គេ​កំពុង​តែ​ធ្វើ​នោះ​នឹង​ធ្វើ​ឲ្យ​រលំ​ទៅ​ហើយ។

4 ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ស្តាប់​ចុះ ដ្បិត​គេ​មើល‌ងាយ​យើង​ខ្ញុំ​ណាស់ សូម​ទំលាក់​សេចក្តី​ដំនៀល​របស់​គេ ទៅ​លើ​ក្បាល​គេ​វិញ ហើយ​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រឹប​ជាន់ នៅ​ក្នុង​ស្រុក​ដែល​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ

5 សូម​ទ្រង់​កុំ​គ្រប​បាំង​សេចក្តី​ទុច្ចរិត​របស់​គេ ឬ​លុប​បាប​គេ ពី​ចំពោះ​ទ្រង់​ចេញ​ឡើយ ពី​ព្រោះ​គេ​បាន​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង នៅ​ចំពោះ​ពួក​អ្នក​ដែល​ធ្វើ​ការ

6 ដូច្នោះ យើង​ខ្ញុំ​បាន​សង់​កំផែង​ឡើង ដរាប​ដល់​បាន​ជាប់​ជុំវិញ​ត្រឹម​កំពស់​ពាក់​កណ្តាល​ធម្មតា ដ្បិត​ពួក​បណ្តា‌ជន​គេ​មាន​ចិត្ត​ឧស្សាហ៍។