នេហេមា 4:14-20 KHOV

14 ខ្ញុំ​ក៏​ត្រួត​មើល រួច​ចូល​ទៅ​ជិត ប្រាប់​ដល់​ពួក​អ្នក​ធំ និង​ពួក​មេ ព្រម​ទាំង​ពួក​បណ្តា‌ជន​ទាំង​ប៉ុន្មាន​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ចូរ​នឹក​រឭក​ដល់​ព្រះ‌អម្ចាស់​ដែល​ទ្រង់​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច​វិញ រួច​តស៊ូ​ការ‌ពារ​ពួក​បង​ប្អូន​កូន​ប្រុស​កូន​ស្រី ហើយ​ប្រពន្ធ និង​ផ្ទះ‌សំបែង​របស់​អ្នក​រាល់​គ្នា​ចុះ។

15 កាល​ពួក​ខ្មាំង​សត្រូវ​បាន​ឮ​ថា យើង​រាល់​គ្នា​ដឹង​ក្នុង​គំនិត​គេ ហើយ​ថា ព្រះ​បាន​នាំ​ឲ្យ​សេចក្តី​ប្រឹក្សា​របស់​គេ​ខូច​បង់​ទៅ​ដូច្នោះ នោះ​យើង​ទាំង​អស់​គ្នា ក៏​វិល​ទៅ​ធ្វើ​កំផែង តាម​ការ​យើង​រៀង​ខ្លួន

16 ដូច្នេះ ចាប់​តាំង​ពី​វេលា​នោះ​ទៅ ពួក​របស់​ខ្ញុំ​ពាក់​កណ្តាល​ក៏​ធ្វើ​ការ ហើយ​ពាក់​កណ្តាល​ទៀត ក៏​កាន់​លំពែង ខែល ធ្នូ និង​អាវ​ក្រោះ ឯ​ពួក​មេ ក៏​ជួយ​ទប់‌ទល់​ពួក​វង្ស​របស់​យូដា​ទាំង​ប៉ុន្មាន​ដែរ

17 ចំណែក​ពួក​អ្នក ដែល​ធ្វើ​កំផែង និង​ពួក​អ្នក ដែល​លី‌សែង ហើយ​ពួក​អ្នក​ដែល​ជញ្ជូន​ដាក់ គេ​ធ្វើ​ការ​ដោយ​ដៃ​ម្ខាង ហើយ​ដៃ​ម្ខាង​ទៀត​កាន់​គ្រឿង​សស្ត្រា‌វុធ

18 ពួក​ជាង​ថ្ម​គេ​ក្រវាត់​ដាវ​នៅ​ចង្កេះ ហើយ​ក៏​ធ្វើ​ការ​ទាំង​ដូច្នោះ ឯ​អ្នក​ដែល​ផ្លុំ​ត្រែ នោះ​ក៏​នៅ​ជិត​ខ្ញុំ

19 ហើយ​ខ្ញុំ​ប្រាប់​ដល់​ពួក​អ្នក​ធំ ពួក​មេ និង​ពួក​បណ្តា‌ជន​ទាំង​ពួង​ថា ការ​នេះ​ជា​ការ​ធំ​វែង​ពេក​ណាស់ យើង​រាល់​គ្នា​ឃ្លាត​ឆ្ងាយ​ពី​គ្នា នៅ​លើ​កំផែង​ផង

20 ដូច្នេះ នៅ​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​ឮ​សូរ​ត្រែ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មូល​មក​ឯ​យើង​នៅ​ទី​នោះ ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​តស៊ូ​ជំនួស​យើង។