នេហេមា 4:4-10 KHOV

4 ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ស្តាប់​ចុះ ដ្បិត​គេ​មើល‌ងាយ​យើង​ខ្ញុំ​ណាស់ សូម​ទំលាក់​សេចក្តី​ដំនៀល​របស់​គេ ទៅ​លើ​ក្បាល​គេ​វិញ ហើយ​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រឹប​ជាន់ នៅ​ក្នុង​ស្រុក​ដែល​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ

5 សូម​ទ្រង់​កុំ​គ្រប​បាំង​សេចក្តី​ទុច្ចរិត​របស់​គេ ឬ​លុប​បាប​គេ ពី​ចំពោះ​ទ្រង់​ចេញ​ឡើយ ពី​ព្រោះ​គេ​បាន​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង នៅ​ចំពោះ​ពួក​អ្នក​ដែល​ធ្វើ​ការ

6 ដូច្នោះ យើង​ខ្ញុំ​បាន​សង់​កំផែង​ឡើង ដរាប​ដល់​បាន​ជាប់​ជុំវិញ​ត្រឹម​កំពស់​ពាក់​កណ្តាល​ធម្មតា ដ្បិត​ពួក​បណ្តា‌ជន​គេ​មាន​ចិត្ត​ឧស្សាហ៍។

7 កាល​សាន‌បា‌ឡាត និង​ថូប៊ីយ៉ា ព្រម​ទាំង​ពួក​អារ៉ាប់ និង​ពួក​អាំម៉ូន ហើយ​ពួក​អាសដូឌ​បាន​ឮ​ថា​ការ​ជួស‌ជុល​កំផែង​ក្រុង​យេរូ‌សាឡិម​ចេះ​តែ​បាន​ចំរើន​ឡើង ហើយ​ថា​កន្លែង​បាក់​បែក​បាន​ចាប់​តាំង​បិត‌ភ្ជិត​ទៅ​វិញ នោះ​គេ​ក៏​មាន​សេចក្តី​ក្រោធ​ជា​ខ្លាំង

8 ហើយ​គេ​ប្រឹក្សា​ព្រម​គ្នា​នឹង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ឲ្យ​បង្កើត​ការ​ច្របល់​ឡើង

9 ហើយ​ដោយ​ព្រោះ​គេ បាន​ជា​យើង​ខ្ញុំ​អធិស្ឋាន ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​តាំង​ពួក​ចាំ​យាម ឲ្យ​រវាំង​ទាំង​យប់​ទាំង​ថ្ងៃ

10 ឯ​ពួក​យូដា​គេ​និយាយ​ថា កំឡាំង​របស់​ពួក​អ្នក​លី‌សែង​បាន​អន់​ថយ​ទៅ​ហើយ សំរាម​ក៏​មាន​យ៉ាង​សន្ធឹក ដល់​ម៉្លេះ​បាន​ជា​យើង​នឹង​សង់​កំផែង​ឡើង​វិញ​ពុំ​បាន