10 ចំណែកខ្ញុំ ពួកបងប្អូន និងពួកអ្នកបំរើខ្ញុំ ក៏អាចនឹងឲ្យគេខ្ចីប្រាក់ និងស្រូវ ឲ្យបានការដូចគ្នាបានដែរ ដូច្នេះ ខ្ញុំសូមឲ្យអ្នករាល់គ្នាលែងយកការទៅ
11 សូមប្រគល់ស្រែចំការ ដំណាំ និងផ្ទះគេទៅគេវិញ នៅថ្ងៃនេះឯង ព្រមទាំង១ភាគក្នុង១០០នៃប្រាក់ ស្រូវ ទឹកទំពាំងបាយជូរ និងប្រេងដែលអ្នករាល់គ្នាបានយកការពីគេផង
12 នោះគេឆ្លើយថា យើងខ្ញុំនឹងប្រគល់ទៅវិញ ហើយនឹងលែងយកការពីគេតរៀងទៅ យើងខ្ញុំនឹងធ្វើដូចជាលោកមានប្រសាសន៍ រួចខ្ញុំហៅពួកសង្ឃមក ចាប់ឲ្យអ្នកទាំងនោះស្បថថា នឹងធ្វើតាមពាក្យសន្យានោះ
13 ខ្ញុំក៏រលាស់ថ្នក់អាវខ្ញុំពោលថា បើអ្នកណាមិនប្រព្រឹត្តតាមពាក្យសន្យានេះ នោះសូមឲ្យព្រះរលាស់អ្នកនោះ ចេញពីផ្ទះ និងពីការរបស់ខ្លួនយ៉ាងនេះដែរ សូមតែឲ្យគេរលាស់ចេញចុះ ហើយចោលនៅទទេផង ពួកជំនុំទាំងអស់គ្នាក៏ឆ្លើយឡើងថា អាម៉ែន ហើយគេសរសើរដល់ព្រះយេហូវ៉ា រួចក៏ធ្វើតាមពាក្យសន្យានោះ។
14 រីឯចាប់តាំងពីថ្ងៃដែលស្តេចបានតាំងខ្ញុំឡើងធ្វើជាចៅហ្វាយលើគេនៅស្រុកយូដា គឺពីឆ្នាំទី២០ដរាបដល់ឆ្នាំ៣២ ក្នុងរាជ្យស្តេចអើថាស៊ើកសេស រួមជា១២ឆ្នាំ នោះខ្ញុំ និងបងប្អូនខ្ញុំមិនបានទទួលទានភោជនាហារ ដោយអាងបុណ្យជាចៅហ្វាយនោះទេ
15 ឯពួកចៅហ្វាយដែលនៅមុនខ្ញុំ នោះបាននៅដោយសារពួករាស្ត្រ គេបានទារយកអាហារ និងស្រាទំពាំងបាយជូររបស់ខ្លួនពីរាស្ត្រ ព្រមទាំងប្រាក់៤០រៀងផង អើ សូម្បីតែពួកអ្នកបំរើរបស់គេក៏មានអំណាចលើបណ្តាជនដែរ តែខ្ញុំមិនបានធ្វើដូច្នោះទេ ដោយមានសេចក្តីកោតខ្លាចដល់ព្រះវិញ
16 ប្រការមួយទៀត ខ្ញុំបាននៅជាប់នឹងការសង់កំផែងនេះឡើងដែរ យើងរាល់គ្នាមិនបានទាំងទិញដីឯណាផង ហើយពួកបំរើរបស់ខ្ញុំបានមូលមក ជួយធ្វើការនេះដែរ