5 ប៉ុន្តែ យើងខ្ញុំ និងពួកបងប្អូននោះ មានសាច់ដូចគ្នា កូនចៅយើងខ្ញុំ ក៏ដូចជាកូនចៅរបស់គេដែរ តែមើល យើងខ្ញុំនាំឲ្យកូនប្រុសកូនស្រីយើងខ្ញុំទៅជាខ្ញុំគេ ហើយកូនស្រីរបស់យើងខ្ញុំ ខ្លះក៏បានជាប់ជាខ្ញុំគេហើយ យើងខ្ញុំក៏ចៀសមិនរួចដែរ ដ្បិតអ្នកឯទៀតបានស្រែចំការ របស់យើងខ្ញុំទៅហើយ។
6 កាលខ្ញុំបានឮសំរែករបស់គេ និងពាក្យទាំងនោះហើយ នោះខ្ញុំក៏មានចិត្តឈឺចាប់ជាខ្លាំង
7 ខ្ញុំក៏ពិចារណាក្នុងខ្លួន រួចបន្ទោសដល់ពួកអ្នកធំ និងពួកមេទាំងប៉ុន្មានដោយពាក្យថា អ្នករាល់គ្នាតែងតែយកការ គឺគ្រប់គ្នាយកពីពួកបងប្អូនផង ខ្ញុំក៏ប្រជុំជំនុំយ៉ាងធំទាស់នឹងគេ
8 រួចខ្ញុំនិយាយទៅគេថា តាមកំឡាំងរបស់យើងរាល់គ្នា នោះយើងបានលោះពួកបងប្អូនជាសាសន៍យូដា ដែលត្រូវលក់ដល់សាសន៍ដទៃ ឲ្យរួចមកវិញ ចុះតើអ្នករាល់គ្នាចង់លក់បងប្អូនខ្លួនទៀតឬអី ដែលនឹងលក់គេក្នុងពួកគ្នាយើង នោះតើគួរគប្បីដែលឬ ដូច្នេះ គេក៏ស្ងៀមនៅ រកឆ្លើយមិនបាន
9 ខ្ញុំក៏និយាយថា ការដែលអ្នករាល់គ្នាធ្វើនេះមិនល្អទេ គួរគប្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្ត ដោយសេចក្តីកោតខ្លាចដល់ព្រះនៃយើងរាល់គ្នាវិញទេតើ គឺដោយព្រោះសេចក្តីត្មះតិះដៀលនៃពួកសាសន៍ដទៃ ជាខ្មាំងសត្រូវយើង
10 ចំណែកខ្ញុំ ពួកបងប្អូន និងពួកអ្នកបំរើខ្ញុំ ក៏អាចនឹងឲ្យគេខ្ចីប្រាក់ និងស្រូវ ឲ្យបានការដូចគ្នាបានដែរ ដូច្នេះ ខ្ញុំសូមឲ្យអ្នករាល់គ្នាលែងយកការទៅ
11 សូមប្រគល់ស្រែចំការ ដំណាំ និងផ្ទះគេទៅគេវិញ នៅថ្ងៃនេះឯង ព្រមទាំង១ភាគក្នុង១០០នៃប្រាក់ ស្រូវ ទឹកទំពាំងបាយជូរ និងប្រេងដែលអ្នករាល់គ្នាបានយកការពីគេផង