នេហេមា 6:4-10 KHOV

4 គេ​ក៏​ចាត់​មនុស្ស​មក​និយាយ​នឹង​ខ្ញុំ​យ៉ាង​នោះ​អស់​វារៈ​៤​ដង ហើយ​ខ្ញុំ​ក៏​ឆ្លើយ​ពាក្យ​ដដែល​ដល់​គេ

5 រួច​មក​សាន‌បា‌ឡាត​ចាត់​អ្នក​បំរើ​ម្នាក់​មក​ឯ​ខ្ញុំ តាម​បែប​ដដែល នោះ​ជា​គំរប់​៥​ដង មាន​ទាំង​សំបុត្រ​បើក​ចំហ​នៅ​ដៃ​ផង

6 ក្នុង​សំបុត្រ​នោះ​មាន​សេចក្តី​ថា មាន​ឮ​ដំណឹង​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​លោក​កេសែម​ជា​សាក្សី​ថា អ្នក​ហើយ​នឹង​ពួក​យូដា​គិត​បះ‌បោរ បាន​ជា​សង់​កំផែង​នេះ​ឡើង គឺ​ថា អ្នក​ចង់​ធ្វើ​ជា​ស្តេច​គេ តាម​ដែល​ឮ​និយាយ​នោះ

7 អ្នក​ក៏​បាន​ដំរូវ​ឲ្យ​មាន​ពួក​ហោរា​ប្រកាស​ប្រាប់​ពី​អ្នក នៅ​ក្រុង​យេរូ‌សាឡិម​ថា មាន​ស្តេច​គ្រង​រាជ្យ​នៅ​ស្រុក​យូដា​ហើយ ពាក្យ​យ៉ាង​នោះ​យើង​នឹង​បញ្ជូន​ដល់​ស្តេច​ឥឡូវ ដូច្នេះ ចូរ​មក​ឲ្យ​យើង​បាន​ពិគ្រោះ​គ្នា​សិន

8 ខ្ញុំ​តប​ទៅ​ថា គ្មាន​អ្វី​ដូច​ជា​អ្នក​ថា​នោះ​ទេ គឺ​អ្នក​បង្កើត​រឿង​នេះ តាម​តែ​ចិត្ត​អ្នក​វិញ​ប៉ុណ្ណោះ

9 ពួក​អ្នក​ទាំង​នោះ​ចង់​តែ​គំរាម ឲ្យ​យើង​ភ័យ​ខ្លាច ដោយ​គិត​ថា យើង​នឹង​ថយ​កំឡាំង​ដៃ ឲ្យ​សំរេច​ការ​មិន​បាន ឥឡូវ​នេះ​ឱ​ព្រះ‌អង្គ​អើយ សូម​ចំរើន​កំឡាំង​ដៃ​ទូល‌បង្គំ​វិញ។

10 គ្រា​នោះ ខ្ញុំ​បាន​ទៅ​ឯ​ផ្ទះ​របស់​សេម៉ាយ៉ា កូន​ដេឡាយ៉ា ដែល​ជា​កូន​មហេ‌ថា‌បែល គាត់​កំពុង​បំពួន​ខ្លួន គាត់​និយាយ​ឡើង​ថា សូម​យើង​ទៅ​ជួប​គ្នា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ គឺ​ក្នុង​ទី​បរិសុទ្ធ ហើយ​បិទ​ទ្វារ​ភ្ជិត​ទៅ ដ្បិត​គេ​នឹង​មក​សំឡាប់​លោក គឺ​គេ​នឹង​មក​នៅ​ពេល​យប់​ជា​មិន​ខាន ដើម្បី​នឹង​សំឡាប់​លោក​បង់