1 លុះដល់ខែអស្សុជ នោះពួកកូនចៅអ៊ីស្រាអែលគេនៅក្នុងទីក្រុងគេទាំងអស់ ហើយបណ្តាជនទាំងឡាយក៏មូលគ្នាមក នៅទីធ្លាដែលនៅមុខទ្វារទឹក ដោយមានចិត្តតែមួយ ហើយគេសូមស្មៀនអែសរ៉ា ឲ្យយកគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ ដែលព្រះយេហូវ៉ាបានបង្គាប់ដល់ពួកអ៊ីស្រាអែលមក
2 រួចនៅថ្ងៃដំបូងខែអស្សុជ នោះអែសរ៉ាដ៏ជាសង្ឃ លោកយកក្រឹត្យវិន័យមក នៅចំពោះមុខនៃពួកជំនុំទាំងប្រុសទាំងស្រី និងអស់អ្នកដែលល្មមនឹងស្តាប់បាន
3 ហើយចាប់តាំងពីព្រលឹម ដរាបដល់ថ្ងៃត្រង់ នោះលោកក៏អានមើលក្នុងគម្ពីរនោះ នៅមុខគេទាំងអស់គ្នា ត្រង់ទីធ្លាដែលនៅមុខទ្វារទឹក ឯបណ្តាជនទាំងឡាយ គេក៏ផ្ទៀងត្រចៀកស្តាប់ ក្នុងគម្ពីរក្រឹត្យវិន័យនោះ
4 ស្មៀនអែសរ៉ា លោកឈរលើទីថ្កល់ធ្វើពីឈើ ដែលគេបានធ្វើសំរាប់ការនោះ មានម៉ាធិធា សេម៉ា អ័ណាយ៉ា អ៊ូរីយ៉ា ហ៊ីលគីយ៉ា និងម្អាសេយ៉ា ឈរនៅខាងស្តាំលោក ហើយពេដាយ៉ា មីសាអែល ម៉ាលគា ហាស៊ូម ហាសបាដាន៉ា សាការី និងមស៊ូឡាម ក៏ឈរនៅខាងឆ្វេងលោក
5 អែសរ៉ាក៏បើកគម្ពីរ នៅមុខបណ្តាជនទាំងឡាយ ដ្បិតលោកនៅខ្ពស់ជាងគេទាំងអស់ កាលលោកបានបើកគម្ពីរឡើង នោះពួកបណ្តាជនទាំងឡាយក៏ក្រោកឈរ
6 រួចអែសរ៉ាលោកក៏សូមឲ្យព្រះយេហូវ៉ា ជាព្រះដ៏ធំ បានប្រកបដោយព្រះពរ ពួកបណ្តាជនក៏ទទួលថា អាម៉ែនៗ ដោយប្រទូលដៃឡើង រួចឱនក្បាល ហើយក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំដល់ព្រះយេហូវ៉ា
7 ឯយេសួរ បានី សេរេប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសាបាឌ ហាណាន ពេឡាយ៉ា និងពួកលេវី គេពន្យល់ក្រឹត្យវិន័យដល់ពួកជន កំពុងដែលពួកជនឈរនឹង នៅកន្លែងរបស់គេ