10 លោកក៏ប្រាប់ដល់គេថា ចូរទៅចុះ ចូរបរិភោគរបស់ចំងាញ់ និងគ្រឿងបង្អែមទៅ ហើយជូនខ្លះដល់អ្នកណាដែលគ្មានអ្វីរៀបឲ្យផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ ដល់ព្រះអម្ចាស់នៃយើងរាល់គ្នា ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្តីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា
11 យ៉ាងនោះពួកលេវីបានលួងលោម ឲ្យបណ្តាជននៅស្ងៀម ដោយពាក្យថា ចូរអ្នករាល់គ្នាស្ងៀមទៅ ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ កុំឲ្យព្រួយចិត្តឡើយ
12 ដូច្នេះ ពួកជនក៏នាំគ្នាទៅបរិភោគភោជន៍ ព្រមទាំងជូនជំនូនដល់គេ ហើយតាំងចិត្តអរសប្បាយឡើងជាខ្លាំង ដោយព្រោះបានយល់ន័យសេចក្តីទាំងប៉ុន្មាន ដែលបានថ្លែងប្រាប់ដល់ខ្លួន។
13 លុះដល់ថ្ងៃទី២ នោះពួកអ្នកជាកំពូលលើវង្សរបស់ឪពុកក្នុងពួកជន ព្រមទាំងពួកសង្ឃ និងពួកលេវី ក៏មូលគ្នាមកឯស្មៀនអែសរ៉ា ដើម្បីផ្ចង់ចិត្តស្តាប់ពាក្យក្នុងក្រឹត្យវិន័យ
14 ហើយគេឃើញមានសេចក្តីកត់ទុកក្នុងក្រឹត្យវិន័យ ជាសេចក្តីដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកដោយសារលោកម៉ូសេថា ពួកកូនចៅអ៊ីស្រាអែលត្រូវនៅក្នុងបារាំនៅវេលាបុណ្យខែអស្សុជ
15 ហើយត្រូវប្រកាសប្រាប់នៅអស់ទាំងទីក្រុងគេ និងនៅក្រុងយេរូសាឡិមថា ចូរចេញទៅឯភ្នំ កាប់យកមែកដើមអូលីវស្រុក និងដើមអូលីវព្រៃ មែកយីថោ ធាងចាក និងមែកឈើញឹកស្និទ្ធមកធ្វើបារាំ តាមសេចក្តីដែលបានចែងទុកមក
16 ដូច្នេះ ពួកជនក៏ចេញទៅកាប់យកមែកទាំងនោះមកធ្វើបារាំ នៅលើដំបូលផ្ទះគេរៀងខ្លួន នៅទីធ្លាផ្ទះគេ នៅទីលានព្រះវិហារនៃព្រះ នៅទីធ្លាត្រង់ទ្វារទឹក និងនៅទីធ្លាត្រង់ទ្វារអេប្រាអិម