នេហេមា 8:4-10 KHOV

4 ស្មៀន​អែសរ៉ា លោក​ឈរ​លើ​ទី​ថ្កល់​ធ្វើ​ពី​ឈើ ដែល​គេ​បាន​ធ្វើ​សំរាប់​ការ​នោះ មាន​ម៉ាធិធា សេម៉ា អ័ណា‌យ៉ា អ៊ូរីយ៉ា ហ៊ីល‌គីយ៉ា និង​ម្អាសេយ៉ា ឈរ​នៅ​ខាង​ស្តាំ​លោក ហើយ​ពេដាយ៉ា មីសា‌អែល ម៉ាលគា ហាស៊ូម ហាស‌បា‌ដាន៉ា សាការី និង​មស៊ូឡាម ក៏​ឈរ​នៅ​ខាង​ឆ្វេង​លោក

5 អែសរ៉ា​ក៏​បើក​គម្ពីរ នៅ​មុខ​បណ្តា‌ជន​ទាំង‌ឡាយ ដ្បិត​លោក​នៅ​ខ្ពស់​ជាង​គេ​ទាំង​អស់ កាល​លោក​បាន​បើក​គម្ពីរ​ឡើង នោះ​ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ក្រោក​ឈរ

6 រួច​អែសរ៉ា​លោក​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ធំ បាន​ប្រកប​ដោយ​ព្រះ‌ពរ ពួក​បណ្តា‌ជន​ក៏​ទទួល​ថា អាម៉ែនៗ ដោយ​ប្រទូល​ដៃ​ឡើង រួច​ឱន​ក្បាល ហើយ​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា

7 ឯ​យេសួរ បានី សេរេ‌ប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសា‌បាឌ ហាណាន ពេឡាយ៉ា និង​ពួក​លេវី គេ​ពន្យល់​ក្រឹត្យ‌វិន័យ​ដល់​ពួក​ជន កំពុង​ដែល​ពួក​ជន​ឈរ​នឹង នៅ​កន្លែង​របស់​គេ

8 ពួក​អ្នក​ទាំង​នោះ​បាន​អាន​មើល ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ ព្រម​ទាំង​ស្រាយ​ន័យ​សេចក្តី​ឲ្យ​គេ​បាន​យល់​បទ​ដែល​អាន​មើល​នោះ។

9 ឯ​នេហេមា ដែល​ជា​ចៅ‌ហ្វាយ​ទី​ក្រុង និង​ស្មៀន​អែសរ៉ា ដ៏​ជា​សង្ឃ ព្រម​ទាំង​ពួក​លេវី​ដែល​បង្ហាត់​បង្រៀន​ដល់​ពួក​ជន គេ​ក៏​និយាយ​នឹង​ពួក​ជន​ទាំង‌ឡាយ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា កុំ​ឲ្យ​សុប‌សៅ ឬ​យំ‌យែក​អ្វី​ឡើយ នេះ​ដ្បិត​ជន​ទាំង‌ឡាយ​បាន​យំ ដោយ​ឮ​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នោះ

10 លោក​ក៏​ប្រាប់​ដល់​គេ​ថា ចូរ​ទៅ​ចុះ ចូរ​បរិភោគ​របស់​ចំងាញ់ និង​គ្រឿង​បង្អែម​ទៅ ហើយ​ជូន​ខ្លះ​ដល់​អ្នក​ណា​ដែល​គ្មាន​អ្វី​រៀប​ឲ្យ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ ដល់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពី​ព្រោះ​សេចក្តី​អំណរ​របស់​ព្រះ‌យេហូវ៉ា​ជា​កំឡាំង​នៃ​អ្នក​រាល់​គ្នា