នេហេមា 9:10-16 KHOV

10 ក៏​សំដែង​ទី​សំគាល់ និង​ការ​អស្ចារ្យ​ទៅ​លើ​ផារ៉ោន ពួក​មហា‌តលិក និង​បណ្តា‌ជន​នៃ​ស្រុក​នោះ​ទាំង​អស់ ដោយ​ជ្រាប​ថា គេ​បាន​ប្រព្រឹត្ត​នឹង​ពួក​អយ្យកោ​ទាំង​នោះ ដោយ​ចិត្ត​ព្រហើន ហើយ​ទ្រង់​បាន​ល្បី​ព្រះ‌នាម ដូច​មាន​សព្វ​ថ្ងៃ​នេះ

11 ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ញែក​ចេញ​ជា​ពីរ នៅ​មុខ​អ្នក​ទាំង​នោះ ឲ្យ​បាន​ឆ្លង​ទៅ​នៅ​កណ្តាល​សមុទ្រ ដោយ​ដី​គោក តែ​ទ្រង់​បាន​បោះ​ពួក​អ្នក​ដែល​ដេញ​តាម ចោល​ទៅ​ក្នុង​ទី​ជំរៅ ដូច​ជា​បោះ​ថ្ម​ទៅ​ក្នុង​ទឹក​ដ៏​មាន​កំឡាំង

12 មួយ​ទៀត នៅ​ពេល​ថ្ងៃ ទ្រង់​បាន​នាំ​ពួក​អយ្យកោ​នោះ ដោយ‌សារ​បង្គោល​ពពក ហើយ​ពេល​យប់ ដោយ‌សារ​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ

13 ទ្រង់​បាន​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ព្រះ‌បន្ទូល​នឹង​គេ​ពី​លើ​មេឃ​មក ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​ច្បាប់​យុត្តិ‌ធម៌​ដ៏​ត្រឹម​ត្រូវ និង​ក្រឹត្យ‌វិន័យ​ដ៏​ពិត ហើយ​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​ដ៏​ល្អ​ដល់​គេ

14 ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​ថ្ងៃ​ឈប់​សំរាក​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ព្រម​ទាំង​តាំង​ឲ្យ​គេ​មាន​ក្រឹត្យ‌ក្រម បញ្ញត្ត និង​វិន័យ ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់

15 ទ្រង់​បាន​ប្រទាន​នំបុ័ង​ពី​លើ​មេឃ​មក​ចំអែត​ដល់​គេ ហើយ​បណ្តាល​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​មក ឲ្យ​គេ​ផឹក ក៏​បាន​បង្គាប់ ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​គេ។

16 ប៉ុន្តែ គេ និង​ពួក​អយ្យកោ​របស់​យើង​ខ្ញុំ​ត​រៀង​មក បាន​ប្រព្រឹត្ត ដោយ​ចិត្ត​ព្រហើន ព្រម​ទាំង​តាំង​ក​រឹង ឥត​ស្តាប់​តាម​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ទេ