នេហេមា 9:19-25 KHOV

19 គង់​តែ​ទ្រង់​មិន​បាន​បោះ‌បង់​ចោល​គេ នៅ​ទី​រហោ‌ស្ថាន​ដែរ គឺ​ដោយ​ទ្រង់​មាន​សេចក្តី​មេត្តា‌ករុណា​ដ៏​ក្រៃលែង ឯ​បង្គោល​ពពក​មិន​បាន​ថយ​ចេញ លែង​នាំ​ផ្លូវ​គេ​នៅ​វេលា​ថ្ងៃ​ឡើយ ហើយ​បង្គោល​ភ្លើង​ក៏​មិន​លែង​បំភ្លឺ​គេ​នៅ​វេលា​យប់ ដើម្បី​នឹង​បង្ហាញ​ផ្លូវ ដែល​គេ​ត្រូវ​ដើរ​ដែរ

20 ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ទ្រង់ មក​បង្ហាត់​បង្រៀន​គេ ទ្រង់​មិន​ដែល​បង្អត់​នំ​ម៉ាន៉ា​ចំពោះ​គេ​ទេ ហើយ​បាន​ប្រទាន​ទឹក ឲ្យ​គេ​ផឹក​ផង

21 គឺ​ទ្រង់​បាន​ចិញ្ចឹម​គេ នៅ​ទី​រហោ‌ស្ថាន អស់​៤០​ឆ្នាំ គេ​ឥត​មាន​ខ្វះ​ខាត​អ្វី​ឡើយ សំលៀក‌បំពាក់​របស់​គេ​ក៏​មិន​ដែល​សឹក ហើយ​ជើង​គេ​មិន​ពុរពង​ដែរ

22 មួយ​ទៀត​ទ្រង់​បាន​ប្រទាន​នគរ និង​សាសន៍​ផ្សេងៗ ហើយ​ចែក​ស្រុក​ទាំង​នោះ​ដល់​គេ គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ស្រុក​របស់​ស៊ីហុន ជា​ស្រុក​របស់​ស្តេច​ក្រុង​ហែសបូន និង​ស្រុក​របស់​អុក ជា​ស្តេច​ស្រុក​បាសាន

23 ទ្រង់​ក៏​ធ្វើ​ឲ្យ​គេ​កើត​កូន​ចំរើន​ឡើង ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ហើយ​បាន​នាំ​គេ​ចូល​មក​ក្នុង​ស្រុក ដែល​ទ្រង់​ប្រាប់​ដល់​ពួក​អយ្យកោ​ថា ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​នេះ

24 ដូច្នេះ ពួក​កូន​ចៅ​គេ​ក៏​ចូល​ទៅ​ចាប់​យក​ស្រុក ហើយ​ទ្រង់​បាន​បង្ក្រាប​សាសន៍​កាណាន ជា​ពួក​អ្នក​ស្រុក​នេះ នៅ​មុខ​គេ ព្រម​ទាំង​ប្រគល់​ពួក​នោះ និង​ស្តេច ហើយ​បណ្តា‌ជន​ទាំង‌ឡាយ មក​ក្នុង​កណ្តាប់​ដៃ​គេ ឲ្យ​បាន​ប្រព្រឹត្ត​នឹង​សាសន៍​នោះ តាម​អំពើ​ចិត្ត

25 គេ​ចាប់​យក​បាន​ទាំង​ទី​ក្រុង​មាន​បន្ទាយ និង​ស្រុក​មាន​ជី‌ជាតិ ក៏​បាន​ផ្ទះ​ជា​ច្រើន ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ និង​អណ្តូង​ជីក​ស្រាប់ ចំការ​ទំពាំង‌បាយ‌ជូរ ដំណាំ​អូលីវ និង​ដើម​ឈើ​ផ្លែ​ជា​បរិបូរ យ៉ាង​នោះ​គេ​បាន​បរិភោគ​ឆ្អែត ហើយ​ត្រឡប់​ជា​មាន​សាច់​ធាត់ ក៏​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​សេចក្តី​សប្បុរស​ដ៏​ជា​ធំ​របស់​ទ្រង់។