នេហេមា 9:22-28 KHOV

22 មួយ​ទៀត​ទ្រង់​បាន​ប្រទាន​នគរ និង​សាសន៍​ផ្សេងៗ ហើយ​ចែក​ស្រុក​ទាំង​នោះ​ដល់​គេ គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ស្រុក​របស់​ស៊ីហុន ជា​ស្រុក​របស់​ស្តេច​ក្រុង​ហែសបូន និង​ស្រុក​របស់​អុក ជា​ស្តេច​ស្រុក​បាសាន

23 ទ្រង់​ក៏​ធ្វើ​ឲ្យ​គេ​កើត​កូន​ចំរើន​ឡើង ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ហើយ​បាន​នាំ​គេ​ចូល​មក​ក្នុង​ស្រុក ដែល​ទ្រង់​ប្រាប់​ដល់​ពួក​អយ្យកោ​ថា ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​នេះ

24 ដូច្នេះ ពួក​កូន​ចៅ​គេ​ក៏​ចូល​ទៅ​ចាប់​យក​ស្រុក ហើយ​ទ្រង់​បាន​បង្ក្រាប​សាសន៍​កាណាន ជា​ពួក​អ្នក​ស្រុក​នេះ នៅ​មុខ​គេ ព្រម​ទាំង​ប្រគល់​ពួក​នោះ និង​ស្តេច ហើយ​បណ្តា‌ជន​ទាំង‌ឡាយ មក​ក្នុង​កណ្តាប់​ដៃ​គេ ឲ្យ​បាន​ប្រព្រឹត្ត​នឹង​សាសន៍​នោះ តាម​អំពើ​ចិត្ត

25 គេ​ចាប់​យក​បាន​ទាំង​ទី​ក្រុង​មាន​បន្ទាយ និង​ស្រុក​មាន​ជី‌ជាតិ ក៏​បាន​ផ្ទះ​ជា​ច្រើន ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ និង​អណ្តូង​ជីក​ស្រាប់ ចំការ​ទំពាំង‌បាយ‌ជូរ ដំណាំ​អូលីវ និង​ដើម​ឈើ​ផ្លែ​ជា​បរិបូរ យ៉ាង​នោះ​គេ​បាន​បរិភោគ​ឆ្អែត ហើយ​ត្រឡប់​ជា​មាន​សាច់​ធាត់ ក៏​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​សេចក្តី​សប្បុរស​ដ៏​ជា​ធំ​របស់​ទ្រង់។

26 ប៉ុន្តែ គេ​មាន​ចិត្ត​រឹង‌ចចេស ហើយ​បាន​បះ‌បោរ​នឹង​ទ្រង់​វិញ គេ​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​ទ្រង់​ទៅ​ក្រោយ​ខ្នង ហើយ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ដែល​ធ្វើ​បន្ទាល់​ដល់​គេ ដោយ​ប្រាថ្នា​ចង់​នាំ​គេ​មក​ឯ​ទ្រង់​វិញ គេ​ក៏​ប្រព្រឹត្ត​ទំនាស់​ជា​ខ្លាំង​ដែរ

27 ហេតុ​នោះ​ទ្រង់​បាន​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ ដែល​ញាំ‌ញី​សង្កត់‌សង្កិន​គេ តែ​កាល​គេ​កើត​មាន​សេចក្តី​វេទនា ហើយ​បាន​អំពាវ‌នាវ​រក​ទ្រង់ នោះ​ទ្រង់​ក៏​ឮ​ពី​លើ​មេឃ ហើយ​បាន​ប្រទាន​ឲ្យ​គេ​មាន​ពួក​អ្នក​ជួយ​សង្គ្រោះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ​នោះ ដោយ​សេចក្តី​មេត្តា‌ករុណា​ដ៏​ក្រៃលែង​របស់​ផង​ទ្រង់

28 តែ​កាល​គេ​មាន​សេចក្តី​ស្រាក‌ស្រាន្ត​បន្តិច នោះ​គេ​បាន​ប្រព្រឹត្ត​សេចក្តី​អាក្រក់ នៅ​ចំពោះ​ទ្រង់​វិញ​ទៀត បាន​ជា​ទ្រង់​ទុក​គេ នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឲ្យ​ពួក​នោះ​មាន​អំណាច​លើ​គេ ប៉ុន្តែ កាល​គេ​បាន​វិល​មក​អំពាវ‌នាវ​រក​ទ្រង់​ទៀត នោះ​ទ្រង់​ក៏​ឮ​ពី​លើ​មេឃ​ដែរ ហើយ​បាន​ប្រោស​ឲ្យ​គេ​រួច​ជា​ច្រើន​ដង តាម​សេចក្តី​មេត្តា‌ករុណា​របស់​ទ្រង់