23 ទ្រង់ក៏ធ្វើឲ្យគេកើតកូនចំរើនឡើង ដូចជាផ្កាយនៅលើមេឃ ហើយបាននាំគេចូលមកក្នុងស្រុក ដែលទ្រង់ប្រាប់ដល់ពួកអយ្យកោថា ត្រូវឲ្យគេចូលទៅចាប់យកនេះ
24 ដូច្នេះ ពួកកូនចៅគេក៏ចូលទៅចាប់យកស្រុក ហើយទ្រង់បានបង្ក្រាបសាសន៍កាណាន ជាពួកអ្នកស្រុកនេះ នៅមុខគេ ព្រមទាំងប្រគល់ពួកនោះ និងស្តេច ហើយបណ្តាជនទាំងឡាយ មកក្នុងកណ្តាប់ដៃគេ ឲ្យបានប្រព្រឹត្តនឹងសាសន៍នោះ តាមអំពើចិត្ត
25 គេចាប់យកបានទាំងទីក្រុងមានបន្ទាយ និងស្រុកមានជីជាតិ ក៏បានផ្ទះជាច្រើន ពេញដោយរបស់ល្អគ្រប់មុខ និងអណ្តូងជីកស្រាប់ ចំការទំពាំងបាយជូរ ដំណាំអូលីវ និងដើមឈើផ្លែជាបរិបូរ យ៉ាងនោះគេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្តរីករាយ ដោយសារសេចក្តីសប្បុរសដ៏ជាធំរបស់ទ្រង់។
26 ប៉ុន្តែ គេមានចិត្តរឹងចចេស ហើយបានបះបោរនឹងទ្រង់វិញ គេបោះបង់ចោលក្រឹត្យវិន័យទ្រង់ទៅក្រោយខ្នង ហើយបានសំឡាប់ពួកហោរាទ្រង់ ដែលធ្វើបន្ទាល់ដល់គេ ដោយប្រាថ្នាចង់នាំគេមកឯទ្រង់វិញ គេក៏ប្រព្រឹត្តទំនាស់ជាខ្លាំងដែរ
27 ហេតុនោះទ្រង់បានប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកសត្រូវ ដែលញាំញីសង្កត់សង្កិនគេ តែកាលគេកើតមានសេចក្តីវេទនា ហើយបានអំពាវនាវរកទ្រង់ នោះទ្រង់ក៏ឮពីលើមេឃ ហើយបានប្រទានឲ្យគេមានពួកអ្នកជួយសង្គ្រោះ ឲ្យរួចពីកណ្តាប់ដៃនៃពួកសត្រូវនោះ ដោយសេចក្តីមេត្តាករុណាដ៏ក្រៃលែងរបស់ផងទ្រង់
28 តែកាលគេមានសេចក្តីស្រាកស្រាន្តបន្តិច នោះគេបានប្រព្រឹត្តសេចក្តីអាក្រក់ នៅចំពោះទ្រង់វិញទៀត បានជាទ្រង់ទុកគេ នៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ឲ្យពួកនោះមានអំណាចលើគេ ប៉ុន្តែ កាលគេបានវិលមកអំពាវនាវរកទ្រង់ទៀត នោះទ្រង់ក៏ឮពីលើមេឃដែរ ហើយបានប្រោសឲ្យគេរួចជាច្រើនដង តាមសេចក្តីមេត្តាករុណារបស់ទ្រង់
29 ទ្រង់បានធ្វើបន្ទាល់ដល់គេ ដើម្បីនឹងនាំគេមកឯក្រឹត្យវិន័យទ្រង់វិញ ទោះបើយ៉ាងនោះ គង់តែគេបានប្រព្រឹត្តដោយចិត្តព្រហើន ឥតព្រមស្តាប់តាមក្រឹត្យក្រមនៃទ្រង់ដែរ គឺបានធ្វើបាបទទឹងច្បាប់យុត្តិធម៌របស់ទ្រង់ (ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម នោះនឹងបានរស់នៅដោយសេចក្តីនោះឯង) ហើយគេដកស្មាចេញ តាំងករឹងមិនព្រមស្តាប់តាមឡើយ