32 ដូច្នេះ ឱព្រះនៃយើងខ្ញុំរាល់គ្នា ជាព្រះដ៏ធំ ហើយមានឥទ្ធានុភាព ដែលគួរស្ញែងខ្លាចដល់ទ្រង់ ជាព្រះដែលរក្សាសេចក្តីសញ្ញា និងសេចក្តីសប្បុរសអើយ ឯសេចក្តីទេវនាទាំងប៉ុន្មាន ដែលបានកើតដល់យើងខ្ញុំ ព្រមទាំងស្តេច ពួកមេ ពួកសង្ឃ ពួកហោរា ពួកអយ្យកោយើងខ្ញុំ និងពួករាស្ត្ររបស់ទ្រង់ ចាប់តាំងពីគ្រាពួកស្តេចនៃស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ នោះសូមទ្រង់កុំរាប់ថា ជាការតិចតួចឡើយ
33 ប៉ុន្តែក្នុងសេចក្តីទាំងប៉ុន្មាន ដែលបានកើតដល់យើងខ្ញុំ នោះទ្រង់សុចរិតទេ ដ្បិតទ្រង់បានប្រព្រឹត្តដោយស្មោះត្រង់ តែយើងខ្ញុំបានប្រព្រឹត្ត ដោយលាមកអាក្រក់វិញ
34 ទោះទាំងស្តេចនៃយើងខ្ញុំ ឬពួកមេពួកសង្ឃ និងពួកអយ្យកោ របស់យើងខ្ញុំក៏មិនបានរក្សាក្រឹត្យវិន័យរបស់ទ្រង់ ឬស្តាប់តាមក្រឹត្យក្រម និងសេចក្តីបន្ទាល់ដែលទ្រង់បានធ្វើនៅចំពោះគេដែរ
35 ពីព្រោះគេមិនបានគោរពប្រតិបត្តិដល់ទ្រង់ នៅក្នុងនគរនៃខ្លួន នៅកណ្តាលអស់ទាំងសេចក្តីល្អក្រៃលែង ដែលទ្រង់បានប្រោសដល់គេ នៅក្នុងស្រុកធំទូលាយមានជីជាតិ ដែលទ្រង់បានដាក់នៅមុខគេនោះឡើយ គេក៏មិនបានបែរចេញពីអំពើអាក្រក់របស់ខ្លួនដែរ
36 មើល យើងខ្ញុំរាល់គ្នាជាបាវបំរើរបស់គេដរាបដល់សព្វថ្ងៃនេះ គឺជាបាវបំរើ នៅក្នុងស្រុកនេះ ដែលទ្រង់បានប្រទាន ដល់ពួកអយ្យកោយើងខ្ញុំ ឲ្យបានបរិភោគផល និងសេចក្តីល្អនោះផង
37 ស្រុកនេះក៏បង្កើតផលជាច្រើន ដល់ពួកស្តេច ដែលទ្រង់បានតាំងឲ្យគ្រប់គ្រងលើយើងខ្ញុំ ដោយព្រោះអំពើបាបរបស់យើងខ្ញុំ ស្តេចទាំងនោះមានអំណាច លើទាំងខ្លួនប្រាណយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំផង តាមតែព្រះទ័យ ហើយយើងខ្ញុំមានសេចក្តីវេទនាជាខ្លាំង។
38 ទោះបើមានសេចក្តីយ៉ាងនោះក៏ដោយ គង់តែយើងខ្ញុំរាល់គ្នាចុះសញ្ញាមាំមួន ហើយក៏កត់ទុកផង មានទាំងពួកមេ ពួកលេវី និងពួកសង្ឃរបស់យើងខ្ញុំ ជាអ្នកបោះត្រាចំពោះសេចក្តីសញ្ញានោះ។