នេហេមា 9:34-38 KHOV

34 ទោះ​ទាំង​ស្តេច​នៃ​យើង​ខ្ញុំ ឬ​ពួក​មេ​ពួក​សង្ឃ និង​ពួក​អយ្យកោ របស់​យើង​ខ្ញុំ​ក៏​មិន​បាន​រក្សា​ក្រឹត្យ‌វិន័យ​របស់​ទ្រង់ ឬ​ស្តាប់​តាម​ក្រឹត្យ‌ក្រម និង​សេចក្តី​បន្ទាល់​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ចំពោះ​គេ​ដែរ

35 ពី​ព្រោះ​គេ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ នៅ​ក្នុង​នគរ​នៃ​ខ្លួន នៅ​កណ្តាល​អស់​ទាំង​សេចក្តី​ល្អ​ក្រៃលែង ដែល​ទ្រង់​បាន​ប្រោស​ដល់​គេ នៅ​ក្នុង​ស្រុក​ធំ​ទូលាយ​មាន​ជី‌ជាតិ ដែល​ទ្រង់​បាន​ដាក់​នៅ​មុខ​គេ​នោះ​ឡើយ គេ​ក៏​មិន​បាន​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ

36 មើល យើង​ខ្ញុំ​រាល់​គ្នា​ជា​បាវ​បំរើ​របស់​គេ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ជា​បាវ​បំរើ នៅ​ក្នុង​ស្រុក​នេះ ដែល​ទ្រង់​បាន​ប្រទាន ដល់​ពួក​អយ្យកោ​យើង​ខ្ញុំ ឲ្យ​បាន​បរិភោគ​ផល និង​សេចក្តី​ល្អ​នោះ​ផង

37 ស្រុក​នេះ​ក៏​បង្កើត​ផល​ជា​ច្រើន ដល់​ពួក​ស្តេច ដែល​ទ្រង់​បាន​តាំង​ឲ្យ​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ដោយ​ព្រោះ​អំពើ​បាប​របស់​យើង​ខ្ញុំ ស្តេច​ទាំង​នោះ​មាន​អំណាច លើ​ទាំង​ខ្លួន​ប្រាណ​យើង​ខ្ញុំ និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ផង តាម​តែ​ព្រះ‌ទ័យ ហើយ​យើង​ខ្ញុំ​មាន​សេចក្តី​វេទនា​ជា​ខ្លាំង។

38 ទោះ​បើ​មាន​សេចក្តី​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​រាល់​គ្នា​ចុះ​សញ្ញា​មាំ‌មួន ហើយ​ក៏​កត់​ទុក​ផង មាន​ទាំង​ពួក​មេ ពួក​លេវី និង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ ជា​អ្នក​បោះ​ត្រា​ចំពោះ​សេចក្តី​សញ្ញា​នោះ។