នេហេមា 9:8-14 KHOV

8 ទ្រង់​បាន​ឃើញ​ថា លោក​មាន​ចិត្ត​ស្មោះ‌ត្រង់​នៅ​ចំពោះ​ទ្រង់ រួច​តាំង​សញ្ញា​នឹង​លោក​ថា នឹង​ប្រទាន​ស្រុក​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស និង​សាសន៍​គើកាស៊ី ដល់​ពូជ​របស់​លោក ទ្រង់​ក៏​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់​ហើយ ដ្បិត​ទ្រង់​សុចរិត។

9 ទ្រង់​បាន​ទត​ឃើញ​សេចក្តី​វេទនា​របស់​ពួក​អយ្យកោ​យើង​ខ្ញុំ នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ឮ​សំរែក ដែល​គេ​ស្រែក​នៅ​ត្រង់​សមុទ្រ​ក្រហម

10 ក៏​សំដែង​ទី​សំគាល់ និង​ការ​អស្ចារ្យ​ទៅ​លើ​ផារ៉ោន ពួក​មហា‌តលិក និង​បណ្តា‌ជន​នៃ​ស្រុក​នោះ​ទាំង​អស់ ដោយ​ជ្រាប​ថា គេ​បាន​ប្រព្រឹត្ត​នឹង​ពួក​អយ្យកោ​ទាំង​នោះ ដោយ​ចិត្ត​ព្រហើន ហើយ​ទ្រង់​បាន​ល្បី​ព្រះ‌នាម ដូច​មាន​សព្វ​ថ្ងៃ​នេះ

11 ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ញែក​ចេញ​ជា​ពីរ នៅ​មុខ​អ្នក​ទាំង​នោះ ឲ្យ​បាន​ឆ្លង​ទៅ​នៅ​កណ្តាល​សមុទ្រ ដោយ​ដី​គោក តែ​ទ្រង់​បាន​បោះ​ពួក​អ្នក​ដែល​ដេញ​តាម ចោល​ទៅ​ក្នុង​ទី​ជំរៅ ដូច​ជា​បោះ​ថ្ម​ទៅ​ក្នុង​ទឹក​ដ៏​មាន​កំឡាំង

12 មួយ​ទៀត នៅ​ពេល​ថ្ងៃ ទ្រង់​បាន​នាំ​ពួក​អយ្យកោ​នោះ ដោយ‌សារ​បង្គោល​ពពក ហើយ​ពេល​យប់ ដោយ‌សារ​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ

13 ទ្រង់​បាន​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ព្រះ‌បន្ទូល​នឹង​គេ​ពី​លើ​មេឃ​មក ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​ច្បាប់​យុត្តិ‌ធម៌​ដ៏​ត្រឹម​ត្រូវ និង​ក្រឹត្យ‌វិន័យ​ដ៏​ពិត ហើយ​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​ដ៏​ល្អ​ដល់​គេ

14 ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​ថ្ងៃ​ឈប់​សំរាក​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ព្រម​ទាំង​តាំង​ឲ្យ​គេ​មាន​ក្រឹត្យ‌ក្រម បញ្ញត្ត និង​វិន័យ ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់