បរិទេវ 1:11-17 KHOV

11 បណ្តា‌ជន​របស់​នាង​កំពុង​តែ​ថ្ងូរ គេ​រក​អាហារ គេ​បាន​ឲ្យ​របស់​ដែល​គាប់​ចិត្ត​ខ្លួន​ទាំង​ប៉ុន្មាន ផ្តូរ​នឹង​អាហារ សំរាប់​ចំរើន​កំឡាំង​ឡើង​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល ដ្បិត​ខ្ញុំ​ម្ចាស់​បាន​ត្រឡប់​ជា​ទាប​ថោក​ហើយ។

12 ឱ​អ្នក​រាល់​គ្នា ដែល​ដើរ​បង្ហួស​អើយ តើ​មិន​អំពល់​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ សូម​ពិចារណា​មើល បើ​មាន​សេចក្តី​ទុក្ខ​ព្រួយ​ណា ដូច​យ៉ាង​សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​នាំ​មក​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ នៅ​ថ្ងៃ​នៃ​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់

13 ទ្រង់​បាន​ចាត់​ភ្លើង​ឲ្យ​មក​ពី​ស្ថាន​ដ៏​ខ្ពស់​ចូល​ក្នុង​ឆ្អឹង​ខ្ញុំ ភ្លើង​នោះ​ក៏​ឈ្នះ​ផង ទ្រង់​បាន​ដាក់​មង​សំរាប់​ចាប់​ជើង​ខ្ញុំ ទ្រង់​បាន​បង្វែរ​ខ្ញុំ​ឲ្យ​ថយ​ទៅ​ក្រោយ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ស្ងាត់ ហើយ​ល្វើយ​ជានិច្ច

14 ឯ​នឹម​នៃ​អំពើ​រំលង​របស់​ខ្ញុំ នោះ​គឺ​ព្រះ‌ហស្ត​ទ្រង់​បាន​ចង​ជាប់​ហើយ ឯ​អំពើ​ទាំង​នោះ​បាន​ជំពាក់​ជាប់​គ្នា ក៏​បាន​ឡើង​មក​ពាក់​លើ​ក​ខ្ញុំ ទ្រង់​បាន​ឲ្យ​កំឡាំង​ខ្ញុំ​ស្បើយ​ទៅ ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ ជា​ពួក​អ្នក​ដែល​ខ្ញុំ​ពុំ​អាច​នឹង​ទទឹង​ទាស់​បាន​ឡើយ

15 ព្រះ‌អម្ចាស់​ទ្រង់​បាន​មើល‌ងាយ​ពួក​មនុស្ស​ខ្លាំង​ពូកែ​នៅ​កណ្តាល​ខ្ញុំ​ហើយ ទ្រង់​បាន​ប្រជុំ​ជំនុំ​មុត‌មាំ​ទាស់​នឹង​ខ្ញុំ ដើម្បី​នឹង​កិន​ពួក​កំឡោះៗ របស់​ខ្ញុំ​ឲ្យ​ខ្ទេច‌ខ្ទី ព្រះ‌អម្ចាស់​ទ្រង់​បាន​ជាន់​នាង​ក្រមុំ​ស្រុក​យូដា ដូច​ជា​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ

16 ព្រោះ​ហេតុ​ការ​ទាំង​នេះ​បាន​ជា​ខ្ញុំ​យំ ភ្នែក​ខ្ញុំ​ហូរ​សស្រាក់ ដោយ​ព្រោះ​អ្នក​កំសាន្ត​ចិត្ត ដែល​គួរ​មក​លំហើយ​ព្រលឹង​ខ្ញុំ គេ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​វិញ កូន​ចៅ​ខ្ញុំ​ត្រូវ​ចោល​ស្ងាត់ ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឈ្នះ​ហើយ។

17 ក្រុង​ស៊ីយ៉ូន​លូក​ដៃ​ទៅ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​សោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ពី​ដំណើរ​យ៉ាកុប​ថា ត្រូវ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជុំវិញ ធ្វើ​ជា​ខ្មាំង​សត្រូវ​នឹង​គាត់ ក្រុង​យេរូ‌សាឡិម​នៅ​កណ្តាល​គេ ទុក​ដូច​ជា​របស់​ស្មោក‌គ្រោក