12 ឱអ្នករាល់គ្នា ដែលដើរបង្ហួសអើយ តើមិនអំពល់ដល់អ្នករាល់គ្នាទេឬ សូមពិចារណាមើល បើមានសេចក្តីទុក្ខព្រួយណា ដូចយ៉ាងសេចក្តីទុក្ខព្រួយរបស់ខ្ញុំនេះ ដែលព្រះយេហូវ៉ាបាននាំមកធ្វើទុក្ខដល់ខ្ញុំ នៅថ្ងៃនៃសេចក្តីខ្ញាល់ដ៏សហ័សរបស់ទ្រង់
13 ទ្រង់បានចាត់ភ្លើងឲ្យមកពីស្ថានដ៏ខ្ពស់ចូលក្នុងឆ្អឹងខ្ញុំ ភ្លើងនោះក៏ឈ្នះផង ទ្រង់បានដាក់មងសំរាប់ចាប់ជើងខ្ញុំ ទ្រង់បានបង្វែរខ្ញុំឲ្យថយទៅក្រោយក៏បានធ្វើឲ្យខ្ញុំនៅស្ងាត់ ហើយល្វើយជានិច្ច
14 ឯនឹមនៃអំពើរំលងរបស់ខ្ញុំ នោះគឺព្រះហស្តទ្រង់បានចងជាប់ហើយ ឯអំពើទាំងនោះបានជំពាក់ជាប់គ្នា ក៏បានឡើងមកពាក់លើកខ្ញុំ ទ្រង់បានឲ្យកំឡាំងខ្ញុំស្បើយទៅ ព្រះអម្ចាស់ទ្រង់បានប្រគល់ខ្ញុំទៅក្នុងកណ្តាប់ដៃគេ ជាពួកអ្នកដែលខ្ញុំពុំអាចនឹងទទឹងទាស់បានឡើយ
15 ព្រះអម្ចាស់ទ្រង់បានមើលងាយពួកមនុស្សខ្លាំងពូកែនៅកណ្តាលខ្ញុំហើយ ទ្រង់បានប្រជុំជំនុំមុតមាំទាស់នឹងខ្ញុំ ដើម្បីនឹងកិនពួកកំឡោះៗ របស់ខ្ញុំឲ្យខ្ទេចខ្ទី ព្រះអម្ចាស់ទ្រង់បានជាន់នាងក្រមុំស្រុកយូដា ដូចជាជាន់ធុងទំពាំងបាយជូរ
16 ព្រោះហេតុការទាំងនេះបានជាខ្ញុំយំ ភ្នែកខ្ញុំហូរសស្រាក់ ដោយព្រោះអ្នកកំសាន្តចិត្ត ដែលគួរមកលំហើយព្រលឹងខ្ញុំ គេនៅឆ្ងាយពីខ្ញុំវិញ កូនចៅខ្ញុំត្រូវចោលស្ងាត់ ដោយព្រោះពួកខ្មាំងសត្រូវបានឈ្នះហើយ។
17 ក្រុងស៊ីយ៉ូនលូកដៃទៅ តែគ្មានអ្នកណានឹងជួយដោះទុក្ខសោះ ព្រះយេហូវ៉ាទ្រង់បានបង្គាប់ពីដំណើរយ៉ាកុបថា ត្រូវឲ្យពួកអ្នកដែលនៅជុំវិញ ធ្វើជាខ្មាំងសត្រូវនឹងគាត់ ក្រុងយេរូសាឡិមនៅកណ្តាលគេ ទុកដូចជារបស់ស្មោកគ្រោក
18 ព្រះយេហូវ៉ាទ្រង់សុចរិតទេ ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តទ្រង់ ឱសាសន៍ទាំងឡាយអើយ សូមស្តាប់ ហើយពិចារណាមើលសេចក្តីទុក្ខព្រួយរបស់ខ្ញុំ ពួកក្រមុំៗ និងពួកកំឡោះៗរបស់ខ្ញុំ គេបានទៅជាឈ្លើយអស់ហើយ