បរិទេវ 1:14-20 KHOV

14 ឯ​នឹម​នៃ​អំពើ​រំលង​របស់​ខ្ញុំ នោះ​គឺ​ព្រះ‌ហស្ត​ទ្រង់​បាន​ចង​ជាប់​ហើយ ឯ​អំពើ​ទាំង​នោះ​បាន​ជំពាក់​ជាប់​គ្នា ក៏​បាន​ឡើង​មក​ពាក់​លើ​ក​ខ្ញុំ ទ្រង់​បាន​ឲ្យ​កំឡាំង​ខ្ញុំ​ស្បើយ​ទៅ ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ ជា​ពួក​អ្នក​ដែល​ខ្ញុំ​ពុំ​អាច​នឹង​ទទឹង​ទាស់​បាន​ឡើយ

15 ព្រះ‌អម្ចាស់​ទ្រង់​បាន​មើល‌ងាយ​ពួក​មនុស្ស​ខ្លាំង​ពូកែ​នៅ​កណ្តាល​ខ្ញុំ​ហើយ ទ្រង់​បាន​ប្រជុំ​ជំនុំ​មុត‌មាំ​ទាស់​នឹង​ខ្ញុំ ដើម្បី​នឹង​កិន​ពួក​កំឡោះៗ របស់​ខ្ញុំ​ឲ្យ​ខ្ទេច‌ខ្ទី ព្រះ‌អម្ចាស់​ទ្រង់​បាន​ជាន់​នាង​ក្រមុំ​ស្រុក​យូដា ដូច​ជា​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ

16 ព្រោះ​ហេតុ​ការ​ទាំង​នេះ​បាន​ជា​ខ្ញុំ​យំ ភ្នែក​ខ្ញុំ​ហូរ​សស្រាក់ ដោយ​ព្រោះ​អ្នក​កំសាន្ត​ចិត្ត ដែល​គួរ​មក​លំហើយ​ព្រលឹង​ខ្ញុំ គេ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​វិញ កូន​ចៅ​ខ្ញុំ​ត្រូវ​ចោល​ស្ងាត់ ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឈ្នះ​ហើយ។

17 ក្រុង​ស៊ីយ៉ូន​លូក​ដៃ​ទៅ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​សោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ពី​ដំណើរ​យ៉ាកុប​ថា ត្រូវ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជុំវិញ ធ្វើ​ជា​ខ្មាំង​សត្រូវ​នឹង​គាត់ ក្រុង​យេរូ‌សាឡិម​នៅ​កណ្តាល​គេ ទុក​ដូច​ជា​របស់​ស្មោក‌គ្រោក

18 ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត​ទេ ដ្បិត​ខ្ញុំ​បាន​បះ‌បោរ​នឹង​បញ្ញត្ត​ទ្រង់ ឱ​សាសន៍​ទាំង‌ឡាយ​អើយ សូម​ស្តាប់ ហើយ​ពិចារណា​មើល​សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ពួក​ក្រមុំៗ និង​ពួក​កំឡោះៗ​របស់​ខ្ញុំ គេ​បាន​ទៅ​ជា​ឈ្លើយ​អស់​ហើយ

19 ខ្ញុំ​បាន​ហៅ​ពួក​អ្នក​ដែល​ធ្លាប់​ស្រឡាញ់​ខ្ញុំ តែ​គេ​បាន​បញ្ឆោត​ខ្ញុំ​វិញ ពួក​សង្ឃ និង​ពួក​ចាស់‌ទុំ​របស់​ខ្ញុំ​បាន​រលត់​ទៅ​នៅ​ក្នុង​ទី​ក្រុង កំពុង​ដែល​គេ​រក​អាហារ​សំរាប់​ចំរើន​កំឡាំង​ខ្លួន។

20 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល ដ្បិត​ខ្ញុំ​ម្ចាស់ មាន​សេចក្តី​វេទនា ចិត្ត​ខ្ញុំ​ម្ចាស់​ទុរន់‌ទុរា ចិត្ត​ខ្ញុំ​ម្ចាស់​ក្រឡាប់​ចុះ​នៅ​ក្នុង​ខ្លួន ពី​ព្រោះ​ខ្ញុំ​ម្ចាស់​បាន​បះ‌បោរ​ជា​ខ្លាំង​ហើយ នៅ​ខាង​ក្រៅ​ដាវ​បង្អត់​បង់ ហើយ​នៅ​ឯ​ផ្ទះ​ក៏​មាន​ដូច​ជា​សេចក្តី​ស្លាប់​ដែរ