2 នាងយំអណ្តឺតអណ្តកនៅពេលយប់ ទឹកភ្នែករហាមនៅលើថ្ពាល់ផង ក្នុងពួកអ្នកដែលស្រឡាញ់នាង នោះឥតមានណាមួយជួយដោះទុក្ខឡើយ ពួកភឿនមិត្រទាំងអស់បានក្បត់នាងហើយ គេបានត្រឡប់ទៅជាខ្មាំងសត្រូវវិញ
3 ពួកយូដាបានទៅជាឈ្លើយហើយ ក៏ត្រូវរងទុក្ខ ហើយបំរើយ៉ាងធ្ងន់ នាងអាស្រ័យនៅកណ្តាលអស់ទាំងសាសន៍ឥតមានសេចក្តីសំរាកឡើយ ពួកអ្នកដែលបៀតបៀននាងបានតាមនាងទាន់ នៅច្រកចង្អៀត
4 អស់ទាំងផ្លូវនៃក្រុងស៊ីយ៉ូនកំពុងតែយំទួញ ពីព្រោះគ្មានអ្នកណាមកឯជំនុំមុតមាំសោះ អស់ទាំងទ្វារទីក្រុងនៅស្ងាត់ច្រៀប ហើយពួកសង្ឃក៏ថ្ងូរ ពួកក្រមុំៗមានសេចក្តីទុក្ខ ហើយតួទីក្រុងក៏មានសេចក្តីជូរចត់ដែរ
5 ពួកអ្នកដែលតតាំងនឹងនាងបានឡើងជាកំពូល ហើយពួកខ្មាំងសត្រូវមានសេចក្តីចំរើន ដ្បិតព្រះយេហូវ៉ា ទ្រង់បានធ្វើទុក្ខនាង ដោយព្រោះអំពើរំលងដ៏បរិបូរ ពួកក្មេងៗត្រូវបំបរទៅជាឈ្លើយ នៅពីមុខពួកដែលតតាំង
6 គ្រប់ទាំងសេចក្តីលំអបានបាត់ពីកូនស្រីនៃក្រុងស៊ីយ៉ូនចេញ ពួកចៅហ្វាយរបស់នាងបានត្រឡប់ដូចជាប្រើស ដែលរកទីស្មៅមិនបាន ហើយគេរត់ពីមុខអ្នកដែលដេញតាមដោយល្វើយកំឡាំង។
7 នៅគ្រារងទុក្ខវេទនា ហើយលំបាក នោះក្រុងយេរូសាឡិមនឹកចាំពីសេចក្តីដ៏ល្អទាំងប៉ុន្មាន ដែលធ្លាប់មានពីកាលដើម ក្នុងកាលដែលជនទាំងឡាយបានធ្លាក់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ឥតមានអ្នកណាជួយសោះ នោះពួកខ្មាំងសត្រូវបានឃើញនាង ហើយបានចំអកឲ្យពីដំណើរដែលនាងឈប់ផ្អាកនៅ
8 ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាង ឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរខ្មាសនាងហើយ អើ នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ