5 ពួកអ្នកដែលតតាំងនឹងនាងបានឡើងជាកំពូល ហើយពួកខ្មាំងសត្រូវមានសេចក្តីចំរើន ដ្បិតព្រះយេហូវ៉ា ទ្រង់បានធ្វើទុក្ខនាង ដោយព្រោះអំពើរំលងដ៏បរិបូរ ពួកក្មេងៗត្រូវបំបរទៅជាឈ្លើយ នៅពីមុខពួកដែលតតាំង
6 គ្រប់ទាំងសេចក្តីលំអបានបាត់ពីកូនស្រីនៃក្រុងស៊ីយ៉ូនចេញ ពួកចៅហ្វាយរបស់នាងបានត្រឡប់ដូចជាប្រើស ដែលរកទីស្មៅមិនបាន ហើយគេរត់ពីមុខអ្នកដែលដេញតាមដោយល្វើយកំឡាំង។
7 នៅគ្រារងទុក្ខវេទនា ហើយលំបាក នោះក្រុងយេរូសាឡិមនឹកចាំពីសេចក្តីដ៏ល្អទាំងប៉ុន្មាន ដែលធ្លាប់មានពីកាលដើម ក្នុងកាលដែលជនទាំងឡាយបានធ្លាក់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ឥតមានអ្នកណាជួយសោះ នោះពួកខ្មាំងសត្រូវបានឃើញនាង ហើយបានចំអកឲ្យពីដំណើរដែលនាងឈប់ផ្អាកនៅ
8 ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាង ឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរខ្មាសនាងហើយ អើ នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ
9 សេចក្តីស្មោកគ្រោករបស់នាងនៅត្រង់ជាយសំពត់ នាងមិននឹកពីចុងបំផុតរបស់ខ្លួនសោះ ហេតុនោះបានជានាងត្រូវចុះមកយ៉ាងអស្ចារ្យ ឥតមានអ្នកណានឹងជួយដោះទុក្ខឡើយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ទតសេចក្តីវេទនារបស់ខ្ញុំម្ចាស់ចុះ ដ្បិតខ្មាំងសត្រូវមានសេចក្តីឆ្មើងឆ្មៃ
10 ពួកសង្កត់សង្កិនបានលូកដៃមកលើរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តនាង នាងបានឃើញសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធរបស់នាង ជាពួកមនុស្សដែលទ្រង់បានផ្តាំទុក មិនឲ្យគេចូលទៅក្នុងជំនុំរបស់ទ្រង់ឡើយ
11 បណ្តាជនរបស់នាងកំពុងតែថ្ងូរ គេរកអាហារ គេបានឲ្យរបស់ដែលគាប់ចិត្តខ្លួនទាំងប៉ុន្មាន ផ្តូរនឹងអាហារ សំរាប់ចំរើនកំឡាំងឡើងវិញ ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់បានត្រឡប់ជាទាបថោកហើយ។