បរិទេវ 2:1-7 KHOV

1 ព្រះ‌អម្ចាស់​ទ្រង់​បាន​គ្រប​បាំង​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ដោយ​ពពក ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ យ៉ាង​ណា​ហ្ន៎ ទ្រង់​បាន​ទំលាក់​សេចក្តី​លំអ​របស់​អ៊ីស្រា‌អែល ចុះ​ពី​ស្ថាន‌សួគ៌​មក​ដល់​ដី ក៏​មិន​បាន​នឹក​ចាំ​ពី​កំណល់​កល់​ព្រះ‌បាទ​ទ្រង់​នៅ​ថ្ងៃ​ដែល​ទ្រង់​ខ្ញាល់​នោះ​ទេ

2 ព្រះ‌អម្ចាស់​ទ្រង់​បាន​លេប​អស់​ទាំង​ទី​លំនៅ​របស់​យ៉ាកុប​បាត់​ទៅ ឥត​មាន​ប្រណី​ឡើយ ក្នុង​គ្រា​ដែល​ទ្រង់​មាន​សេចក្តី​ក្រោធ នោះ​ទ្រង់​បាន​រំលំ​អស់​ទាំង​ទី​មាំ‌មួន​របស់​កូន​ស្រី​យូដា ទ្រង់​បាន​ពង្រាប ទី​ទាំង​នោះ​ដល់​ដី ហើយ​បន្ទាប‌បន្ថោក​ទាំង​នគរ និង​ពួក​ចៅ‌ហ្វាយ​ផង

3 ក្នុង​គ្រា​ដែល​ទ្រង់​មាន​សេចក្តី​ខ្ញាល់ ដ៏​សហ័ស នោះ​ទ្រង់​បាន​កាត់​ស្នែង​របស់​អ៊ីស្រា‌អែល​ចេញ ក៏​បាន​ដក​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​ចេញ​ពី​មុខ​ខ្មាំង​សត្រូវ ហើយ​បាន​បញ្ឆេះ​យ៉ាកុប ដូច​ជា​ភ្លើង​ឆេះ​ថ្គោល​ឡើង​បន្សុស​គ្រប់​ជុំវិញ

4 ទ្រង់​បាន​យឹត​ធ្នូ ដូច​ជា​ខ្មាំង​សត្រូវ ទ្រង់​បាន​លើក​ព្រះ‌ហស្ត ដូច​ជា​អ្នក​ត​តាំង ក៏​បាន​ប្រហារ​ជីវិត​នៃ​គ្រប់​ទាំង​អស់​ដែល​គាប់​ភ្នែក ឯ​នៅ​ក្នុង​ត្រសាល​នៃ​កូន​ស្រី​ស៊ីយ៉ូន នោះ​ទ្រង់​បាន​ចាក់​សេចក្តី​ក្រោធ​របស់​ទ្រង់​ចេញ​ដូច​ជា​ភ្លើង

5 ព្រះ‌អម្ចាស់​ទ្រង់​បាន​ត្រឡប់​ដូច​ជា​ខ្មាំង​សត្រូវ ហើយ​បាន​លេប​អ៊ីស្រា‌អែល​បាត់​ទៅ ទ្រង់​បាន​លេប​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បំផ្លាញ​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចំរើន​ការ​សោក‌សៅ និង​ការ​យំ​ទួញ ក្នុង​កូន​ស្រី​យូដា​ជា​ច្រើន​ឡើង

6 ទ្រង់​បាន​កន្ត្រាក់​យក​ព្រះ‌ពន្លា​របស់​ទ្រង់​ចេញ​ដោយ​កំឡាំង ទុក​ដូច​ជា​សួន‌ច្បារ ក៏​បាន​បំផ្លាញ​ទី​ប្រជុំ​របស់​ទ្រង់​ចោល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំភ្លេច​ជំនុំ​មុត‌មាំ និង​ថ្ងៃ​ឈប់​សំរាក ឲ្យ​សូន​បាត់​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ក្នុង​សេចក្តី​គ្នាន់‌ក្នាញ់​របស់​សេចក្តី​ខ្ញាល់​ទ្រង់ នោះ​ទ្រង់​បាន​ស្អប់​ខ្ពើម​ដល់​ទាំង​ស្តេច និង​សង្ឃ​ផង

7 ព្រះ‌អម្ចាស់​ទ្រង់​បាន​បោះ‌បង់​ចោល​អាសនា​របស់​ទ្រង់ ហើយ​បាន​ខ្ពើម​ឆ្អើម​ចំពោះ​ទី​បរិសុទ្ធ​របស់​ទ្រង់​ដែរ ទ្រង់​បាន​ប្រគល់​អស់​ទាំង​កំផែង​នៃ​ព្រះ‌រាជ‌វាំង ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដូច​នៅ​ថ្ងៃ​បុណ្យ​ហ៊ឹក‌ហ៊ាក់