11 ភ្នែកខ្ញុំរលាយទៅដោយហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះការបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះកូនតូច និងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង
12 វាសួរដល់ម្តាយថា តើអង្ករ និងស្រាទំពាំងបាយជូរនៅឯណា ក៏វាសន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ
13 ឱកូនស្រីនៃក្រុងយេរូសាឡិមអើយ តើត្រូវឲ្យខ្ញុំធ្វើបន្ទាល់ដល់នាងយ៉ាងណា តើនឹងធៀបនាងដូចជាអ្វី ឱកូនស្រីក្រមុំនៃស៊ីយ៉ូនអើយ តើខ្ញុំនឹងផ្ទឹមនាងនឹងអ្វី ដើម្បីនឹងកំសាន្តចិត្តនាងបាន ដ្បិតការអន្តរាយរបស់នាងធំដូចជាសមុទ្រហើយ តើអ្នកណានឹងមើលឲ្យជាបាន
14 ពួកហោរារបស់នាងបានឃើញការជាក់ស្តែងក្លែងក្លាយ ហើយផ្តេសផ្តាស គេមិនបានបើកឲ្យឃើញសេចក្តីទុច្ចរិតរបស់នាង ប្រយោជន៍នឹងនាំពួកនាង ដែលនៅជាឈ្លើយឲ្យបានមកវិញទេ គឺគេបានឃើញតែសេចក្តីកំភូត និងសេចក្តីដែលបណ្តាលឲ្យត្រូវនិរទេសវិញប៉ុណ្ណោះ
15 អស់អ្នកណាដែលដើរបង្ហួស គេទះដៃឡកឲ្យនាង គេធ្វើស៊ីសស៊ូស ហើយគ្រវីក្បាលដល់កូនស្រីក្រុងយេរូសាឡិម ដោយពាក្យថា ទីក្រុងនេះឬ ដែលមនុស្សបានហៅថាជាទីល្អបំផុត ហើយជាទីរីករាយដល់ផែនដីទាំងដុំមូលនោះ
16 ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់នាងបានហាមាត់ធំដាក់នាង គេធ្វើស៊ីសស៊ូស ហើយសង្កៀតធ្មេញ ដោយពាក្យថា យើងបានលេបវាបាត់ហើយ ពិតប្រាកដជាថ្ងៃនេះហើយ ជាថ្ងៃដែលយើងសង្ឃឹមចង់បាននោះ ឥឡូវបានប្រទះ បានឃើញហើយ
17 ព្រះយេហូវ៉ាទ្រង់បានធ្វើការដែលទ្រង់គិតធ្វើ ទ្រង់បានសំរេចតាមព្រះបន្ទូលដែលទ្រង់បានបង្គាប់ពីចាស់បុរាណ គឺទ្រង់បានរំលំ ឥតប្រណី ហើយបានធ្វើឲ្យខ្មាំងសត្រូវមានសេចក្តីអំណរពីដំណើរនាង ទ្រង់បានលើកដំកើងស្នែងរបស់ពួកដែលតតាំងនឹងនាង។