15 អស់អ្នកណាដែលដើរបង្ហួស គេទះដៃឡកឲ្យនាង គេធ្វើស៊ីសស៊ូស ហើយគ្រវីក្បាលដល់កូនស្រីក្រុងយេរូសាឡិម ដោយពាក្យថា ទីក្រុងនេះឬ ដែលមនុស្សបានហៅថាជាទីល្អបំផុត ហើយជាទីរីករាយដល់ផែនដីទាំងដុំមូលនោះ
16 ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់នាងបានហាមាត់ធំដាក់នាង គេធ្វើស៊ីសស៊ូស ហើយសង្កៀតធ្មេញ ដោយពាក្យថា យើងបានលេបវាបាត់ហើយ ពិតប្រាកដជាថ្ងៃនេះហើយ ជាថ្ងៃដែលយើងសង្ឃឹមចង់បាននោះ ឥឡូវបានប្រទះ បានឃើញហើយ
17 ព្រះយេហូវ៉ាទ្រង់បានធ្វើការដែលទ្រង់គិតធ្វើ ទ្រង់បានសំរេចតាមព្រះបន្ទូលដែលទ្រង់បានបង្គាប់ពីចាស់បុរាណ គឺទ្រង់បានរំលំ ឥតប្រណី ហើយបានធ្វើឲ្យខ្មាំងសត្រូវមានសេចក្តីអំណរពីដំណើរនាង ទ្រង់បានលើកដំកើងស្នែងរបស់ពួកដែលតតាំងនឹងនាង។
18 ចិត្តរបស់គេបានអំពាវនាវដល់ព្រះអម្ចាស់... ឱកំផែងនៃកូនស្រីស៊ីយ៉ូនអើយ ចូរឲ្យមានទឹកភ្នែកហូរសស្រាក់ ដូចជាទន្លេទាំងយប់ទាំងថ្ងៃចុះ កុំឲ្យឈប់សំរាកឡើយ កុំឲ្យប្រស្រីភ្នែករបស់នាងឈប់ផ្អាកឲ្យសោះ
19 ចូរក្រោកឡើងទាំងយប់ ហើយស្រែកនៅពេលដើមយាមចុះ ត្រូវឲ្យចាក់ចិត្តនាងចេញ ដូចជាទឹកនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ចូរប្រទូលដៃឡើងទៅឯទ្រង់ ដើម្បីអង្វរឲ្យបានជីវិតនៃក្មេងតូចៗរបស់នាង ដែលសន្លប់ទៅដោយឃ្លាន ត្រង់គ្រប់ទាំងក្បាលផ្លូវ ឲ្យបានគង់នៅវិញ។
20 ឱព្រះយេហូវ៉ាអើយ សូមទតពិចារណាមើល ដែលទ្រង់បានធ្វើការនេះដល់អ្នកណា តើត្រូវឲ្យពួកស្រីៗស៊ីកូនខ្លួន គឺជាកូនដែលម្តាយបីក្រសោបនៅដៃឬអី តើពួកសង្ឃ និងពួកហោរានឹងត្រូវគេសំឡាប់ នៅក្នុងទីបរិសុទ្ធនៃព្រះអម្ចាស់ឬ
21 ទាំងពួកជំទង់ និងពួកចាស់ៗសុទ្ធតែដេកនៅតាមផ្លូវ ឯពួកក្រមុំ និងពួកកំឡោះៗរបស់ខ្ញុំម្ចាស់ គេបានដួលស្លាប់ដោយដាវ ទ្រង់បានប្រហារជីវិតគេ ក្នុងថ្ងៃដែលទ្រង់ខ្ញាល់ ទ្រង់បានកាប់សំឡាប់គេ ឥតប្រណីឡើយ